Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរថៃចាប់ខ្លួនពលករ២៩នាក់ ដែលឆ្លងដែនខុសច្បាប់ទៅកាប់ឈើ, ពេលនេះស្ថានទូតខ្មែរកំពុងជួយអន្តរាគមន៍

06-05-2016 15:29

(ភ្នំពេញ)៖ ក្រសួងការបរទេស បានប្រកាសថា ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ កំពុងអន្តរាគមន៍ជួយដល់ពលករខ្មែរ ២៩នាក់ ដែលត្រូវបាន អាជ្ញាធរថៃចាប់ខ្លួន ក្រោមការចោទប្រកាន់ពួកគេថាចូលកាប់ឈើ និងឆ្លងដែនខុសច្បាប់។

នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរថៃមួយក្រុមបានចុះព័ទ្ធចាប់ពលរដ្ឋខ្មែរ មួយក្រុមដែលបានចូលទៅជញ្ជូនឈើក្រញូងពីលើភ្នំ ចុះមកវាលរាបនៅក្នុងឧទ្យានជាតិ ថាប់ឡាន ខេត្តប្រាជីនបុរី។ នាពេលនោះមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់កាំភ្លើង មួយគ្រាប់ ដើម្បីជាសញ្ញាឱ្យពលរដ្ឋខ្មែរបំបែកហ្វូងរត់។ ប៉ុន្តែករណីនេះពុំមានព្រឹត្តិការណ៍ផ្ទុះអាវុធរវាងអាជ្ញាធរថៃ និងពលរដ្ឋខ្មែរកាប់ឈើ ខុសច្បាប់នោះទេ។ ពលរដ្ឋខ្មែរបានបែកហ្វូងត្រូវអាជ្ញាធរថៃចាប់បានចំនួន១១នាក់ ។ ចំណែកពលរដ្ឋខ្មែរ១៨នាក់ទៀត បានប្រគល់ខ្លួនឱ្យ ប៉ូលិសថៃ ព្រោះពួកគេមិនស្គាល់ផ្លូវ។ នេះបើតាមសេចក្តីប្រកាសដដែល។

ក្រសួងការបរទេស បានអះអាងថា ពលរដ្ឋខ្មែរទាំង ២៩នាក់ បានសារភាពថា ក្រុមខ្លួនមានគ្នាទាំងអស់៦០នាក់ បានចូលទៅ ថៃជាង១០ថ្ងែហើយ ដោយមានមេខ្យល់បបួលពួកគាត់ចូលទៅកាប់ឈើអាកាស្យានៅថៃ ដោយសន្យាថាឱ្យ១ដើម២០០បាត។ ពួកគាត់ត្រូវចែកជា២ក្រុម ឡើងទៅលីឈើដែលថៃកាប់ ហើយស្រាប់ចុះមក។ ពលរដ្ឋខ្មែរទាំង២៩នាក់ត្រូវនាំទៅបុស្តិ៍ប៉ូលិស រួមទាំងវត្ថុតាងគ្រឿងយន្តអារឈើ០១ និង រថយន្តជនជាតិថៃ០១ គ្រឿង។ ដោយឡែកនៅព្រលប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៦ មានពលរដ្ឋខ្មែរ១៨នាក់ ផ្សេងទៀត បានចូលខ្លួនឱ្យអាជ្ញាធរថៃចាប់ ដោយហេតុថាពួកគាត់មិនស្គាល់ផ្លូវ។

ទោះជាយ៉ាងណា អាជ្ញាធរថៃ នឹងបញ្ជូនពលរដ្ឋខ្មែរទាំងអស់នោះ ទៅតុលាការពីបទឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានពន្យល់ប្រាប់អាជ្ញាធរថៃថា ពលរដ្ឋខ្មែរខាងលើជាជនរងគ្រោះ ត្រូវបានគេបោកបញ្ឆោតឱ្យចូលទៅលីសែង ឈើទេ ចំណែកឧបករណ៍អារឈើពុំមែនជារបស់ពួកគាត់ដែរ។ ស្ថានអគ្គកុងស៊ុលនឹងសហការជាមួយអាជ្ញាធរថៃដើម្បីពិនិត្យលទ្ធភាព កសាង សំណុំរឿងធ្វើយ៉ាងណាជួយ សំរួលសំរាលទោស  និងរកមេធាវីការពារក្តីដល់ពួកគាត់នៅពេលឡើងតុលាការនាពេលខាងមុខ៕