(ភ្នំពេញ)៖ បន្ទាប់ពីបានស្តាប់បទបង្ហាញរបស់មន្ត្រីជំនាញ អ.វ.ត.ក លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិកមានលក្ខណៈស្តង់ដារ ដែលជាគម្រូសម្រាប់អនុវត្តគ្រប់គ្រងឯកសារនៅតាមក្រសួង ស្ថាប័ន សំដៅលើកកម្ពស់ដំណើការការងារផ្ទៃក្នុងរដ្ឋាភិបាល (G2G) ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ការវាយតម្លៃបែបនេះ របស់លោក សុខ ពុទ្ធិវុធ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រងឯកសារ និងបណ្ណសារ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រៀបចំកិច្ចប្រជុំជូនដល់ជូនដល់មន្ត្រីជំនាញ។

កម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់នេះ មានគោលបំណងស្វែងយល់ពីការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ ការធ្វើឌីជីតនីយកម្ម (Digitization) ការប្រើប្រាស់កម្មវិធីគ្រប់គ្រងឯកសារនិងបណ្ណសារ ការការពារនិងរក្សាទុកទិន្នន័យ ការរៀបចំបន្ទប់ទុកដាក់បណ្ណសារ ការធ្វើប្រតិចារឹក ការរៀបចំប្រព័ន្ធសោទស្សន៍ និងការចូលរួមសវនាការពីចម្ងាយរបស់ភាគីពាក់ព័ន្ធជាដើម ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីពីនៃ អ.វ.ត.ក បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិ អ.វ.ត.ក ដែលជាតុលាការកូនកាត់ បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ ក្នុងដំណើការការងាររយៈពេល១៦ឆ្នាំ របស់ខ្លួន អ.វ.ត.កបានសម្រេចសមិទ្ធផលលើសំណុំរឿង ដោយមានការគាំទ្រពីអ្នកបច្ចេកទេសជំនាញក្នុងស្រុកជាច្រើន ដែលទទួលបានការបណ្តុះបណ្តាលចំណេះដឹង និងបទពិសោធ លើការងារនេះ និងឈរលើគោលការណ៍ចំនួន៣ គឺភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងចីរភាព។ ធនធានមនុស្សជំនាញទាំងនេះ ជាធនធានដ៏សំខាន់ជួយដល់ការងារនៅតាមក្រសួងស្ថាប័ន នៅពេលអណត្តិរបស់ អ.វ.ត.ក បញ្ចប់នៅពេលខាងមុខនេះ។

លោក សុខ ពុទ្ធិវុធ បានជម្រាបជូនពីគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលទើបទទួលបានការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំប្រែក្លាយទៅជាក្រសួងឌីជីថល ឈានមុខ និងពង្រីកលទ្ធភាពគាំទ្រក្រសួងស្ថាប័នក្នុងការអនុវត្តគោលនយោបាយនេះ។ ទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់ពីដំណើការគ្រប់គ្រងឯកសារនៅ អ.វ.ត.ក ដែលមានឯកសាររាប់លានទំព័រជាភាសាខ្មែរ អង់គ្លេស និងបារាំង។

ប្រធានគណៈប្រតិភូ ក៏បានថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំ អ.វ.ត.ក ដែលបានរៀបចំដំណើរកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់អំពីការគ្រប់គ្រងឯកសារ និងបណ្ណសារ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់រៀបចំកិច្ចប្រជុំ ហើយនឹងបន្តពិភាក្សាលទ្ធភាពក្នុងការធ្វើសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិក នៅក្នុងរាជរដ្ឋាភិបាល៕