(បាត់ដំបង)៖ យុវជនម្នាក់ជិះម៉ូតូតាមផ្លូវ ពេលមេឃភ្លៀងរួច បានឈប់ម៉ូតូឈរនោម ក្រោមដើមដូងត្រូវរន្ទះបាញ់ស្លាប់ នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅភូមិកណ្តោលឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនដែលរន្ទះបាញ់ស្លាប់មានឈ្មោះ អ៊ា ឈុនលី អាយុ ១៧ឆ្នាំមានទីលំនៅភូមិអូរឬស្សីឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកឈប់ក្រោមដើមដូង រួចឈរបាញ់នោមក្រោមមេឃ ដែលកំពុងភ្លៀង ស្រាប់តែភ្លាមនោះក៏ឮសូរ រន្ទះបាញ់ក្តាំងក៏ឃើញយុវជន ដែលឈរបាញ់នោមនោះ ស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចចុះមកពិនិត្យ សពបានបញ្ជាក់ថាសពពិតជាស្លាប់ដោយសាររន្ទះបាញ់ ហើយប្រគល់ឲ្យសាច់ញាតិ យកធ្វើបុណ្យ តាមប្រពៃណី៕