(កំពង់ធំ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ក្រសួងផែនការ ពិតជាមានមោទនភាពខ្លាំងណាស់ដោយសារទិន្នន័យគ្រួសារក្រីក្រ ត្រូវបានរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់កិច្ចអន្តរាគមន៍ជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ។
ការថ្លែងបែបនេះរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានធ្វើឡើងក្នុងអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់គ្រូបង្គោលថ្នាក់រាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ធំ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រី Sonali Dayaratne អនុប្រធានអង្គការ (UNDP) ប្រចាំប្រទេសកម្ពុជា, លោក Doetinchem Ole តំណាងអង្គការ ( GIZ), លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ, លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងក្រុមការងារក្រសួងផែនការ មន្ទីរផែនការរាជធានីភ្នំពេញ មន្ទីរផែនការខេត្តកំពង់ធំសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ចាម សរុបប្រមាណជាង ៥០រូបផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ក្នុងគោលបំណងផ្ដល់ចំណេះដឹងអំពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់គ្រូបង្គោលថ្នាក់រាជធានី-ខេត្ត ដើម្បីបន្តផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូបង្គោលថ្នាក់ ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់។
លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបន្ថែមទៀតថា ផ្អែកតាមអនុក្រឹត្យលេខ ២៩១ អនក្រ.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ស្ដីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានកំណត់ឱ្យក្រសួងផែនការដឹកនាំ និងគ្រប់គ្រងដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ធ្វើបច្ចុប្បន្នកម្មទិន្នន័យព័ត៌មានជាប្រចាំ ទិន្នន័យគ្រួសារក្រីក្រត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ផ្តល់អន្តរាគមន៍ជំនួយសង្គមផ្សេងៗជាច្រើន ជាពិសេសសម្រាប់ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។
លោកបន្ថែមទៀតថា គិតត្រឹមឆ្នាំ២០២០ ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមជុំបានប្រមូលទិន្នន័យធ្វើបច្ចុប្បន្នកម្មទិន្នន័យគ្រួសារក្រីក្ររៀងរាល់៣ឆ្នាំ នៅក្នុង៨-៩ រាជធានី-ខេត្ត គោលដៅទាំងនៅទីប្រជុំជន និងទីជនបទ។
ទិន្នន័យគ្រួសារក្រីក្រត្រូវបានប្រើប្រាស់សម្រាប់កម្មវិធីស្បៀងពលកម្ម និងអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅសាលាបឋមសិក្សាឆ្នាំ ២០១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ ចំនួន ៧៦០,០០០រៀល ដើម្បីរួមចំណែកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកបញ្ហាកង្វះអាហាររូបត្ថម្ភ របស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។
ការប្រមូលគ្រប់គ្រង និងចែករំលែកទិន្នន័យគឺត្រូវធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថលទាំងអស់ ដែលប្រើប្រាស់ប្រព័ន្ធឌីជីថលភាវូបនីយកម្ម នឹងជួយបង្កើនល្បឿន និងប្រសិទ្ធភាពដល់ដំណើរការប្រមូលទិន្នន័យក៏ដូចជាការឆ្លើយតបទៅនឹងគ្រោះអាសន្នដែលកើតមានឡើង។
នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួម និងពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នអង្គការនិងអ្នកពាក់ព័ន្ធនានាផងដែរ៕