(វៀតណាម)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម នៅមុននេះបន្តិចបានឲ្យដឹងថា មានករណីភ្លើងឆេះ នាវាកម្សាន្តមួយ នៅកំពង់ផែ Tuan Chau ក្នុងទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងនៃប្រទេសវៀតណាម ប៉ុន្តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សស្លាប់។
ប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា នៅលើនាវាកម្សាន្តនោះ មានអ្នកដំណើរ ៣៧នាក់ ក្នុងនោះមានម្នាក់ជាជនជាតិវៀតណាម។ ក្រោយពេលកើតមានករណីភ្លើងឆេះភ្លាម ក្រុមសហនាវិកនៅលើនាវា បានជម្លៀសអ្នកដំណើរចេញដោយសុវត្ថិភាព ប៉ុន្តែមានជនបរទេសម្នាក់បានរងរបួសជើង ដោយសារតែលោតចូលក្នុងទឹក ខណៈពេលភ្លើងកំពុងឆេះនាវា។
មិនមានព័ត៌មានច្បាស់ការណ៍ណាមួយ ពាក់ព័ន្ធនឹងមូលហេតុដែលបណ្ដាលឲ្យភ្លើងឆេះនាវាកម្សាន្តនោះទេ គ្រាន់តែដឹងថា ក្រោយពេលកើតហេតុភ្លាម មានក្រុមពន្លត់អគ្គិភ័យ ប៉ូលិស និងក្រុមជួយសង្គ្រោះ បានមកដល់កំពង់ផែខាងលើ និងបាននាំអ្នកដំណើរទៅកាន់ទីមានសុវត្ថិភាព ចំណែកនាវាត្រូវបានឆេះខ្ទេច និងលេចចូលក្នុងទឹកសមុទ្របាត់តែម្ដង៕