(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញដល់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានទាំងអស់ខិតខំដោះស្រាយការងារ ចាំបាច់ទាំងឡាយជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
ការជំរុញរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន នាថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ។
យោងតាមការចេញផ្សាយនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ បានរំលឹកឲ្យគ្រប់ក្រសួង មន្ទីរ និង ខេត្ត ក្រុង ត្រូវបង្កើតក្រុមជំនួយការតាមដានវាយតម្លៃការងារ ហើយខិតខំដោះស្រាយបញ្ហាចាំបាច់ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានដាស់តឿនដល់គ្រប់ក្រសួង មន្ទីរ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាតម្រូវការចាំបាច់ និងសេវាកាតព្វកិច្ចនានា ឲ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវអនុវត្តឲ្យបាននូវភារកិច្ច និងការទទួលខុសត្រូវលើសេវាសាធារណៈនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ពីការចូលរួមថែរក្សាសន្តិភាព និងជំរុញការរអភិវឌ្ឍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ទៅមុខស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ (២០១៦-២០១៧) ដោយផ្តោតលើកត្តាសំខាន់មួយចំនួនរួមមាន៖
១- ចូលរួមថែរក្សា និងពង្រឹងសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ
២- ចូលរួមជំរុញការអនុវត្តកំណែទម្រង់លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់
៣- បង្កើនប្រសិទ្ធភាពសេវាសាធារណៈ (សេវាតម្រូវការចាំបាច់ សេវាកាតព្វកិច្ច និងសេវាសំណូមពរ) ដល់អ្នកស្នើសុំ និងអ្នកប្រើប្រាស់អោយបានរហ័ស និងមានប្រសិទ្ឋភាពបំផុត៕