(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៨ មីនា ២០២២ ក្រុមហ៊ុន ជីប ម៉ុង បាននាំយកអំណោយសប្បុរសធម៌ជាថវិកាចំនួន៧០ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថា នេះគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលអាចចូលរួមទ្រទ្រង់សកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរយើង ដែលរងគ្រោះនិងជួបបញ្ហាផ្សេងៗ ស្របតាមប្រធានបទនៃទិវាឆ្នាំនេះគឺ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន ជីប ម៉ុង តែងឧបត្ថម្ភទៅកាន់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសជានិច្ចកាលបានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រដល់យុទ្ធនាការសប្បុរសធម៌របស់រាជរដ្ឋាភិបាល ព្រមទាំងបានដាក់ចេញនូវកម្មវិធីមនុស្សធម៌ជាច្រើន ដើម្បីរួមចំណែកទ្រទ្រង់សង្គមជាតិ។