(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវិភាគថា រុស្ស៉ីមិនអាចវាយយកទីក្រុងគៀវ របស់អ៊ុយក្រែនបាននោះឡើយ ហើយក៏មិនអាចរំលាយរដ្ឋាភិបាល និងប្រជាជាតិអ៊ុយក្រែនបានដែរ។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការ នូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងវិភាគថា ការណ៍ដែលរុស្ស៉ីមិនអាចវាយយកទីក្រុងគៀវ របស់អ៊ុយក្រែននោះ ដោយសារអ៊ុយក្រែនមានប្រជាពលរដ្ឋប្រមាណ ៤០លាននាក់ ហើយពេលនេះ កងទ័ពសកម្មរបស់អ៊ុយក្រែនជាង ២០ម៉ឺននាក់ ក៏នៅរក្សាបានភាពនឹងនរ។ សម្តេចវិភាគបន្តថា ជម្រើសចុងក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានបទចរចាមួយ ដើម្បីបញ្ចប់សង្គ្រាម ហើយដែលសម្តេចតែងតែលើកឡើងថា គេមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមិនជឿថា រុស្ស៉ីវាយយកក្រុងគៀវបានស្រួលៗទេ។ ឥឡូវជាង ១ខែហើយ វាយយកអត់បានទេ។ ខ្ញុំក៏មិនជឿថារុស្ស៉ីអាចរំលាយរដ្ឋបាលអ៊ុយក្រែនបានទេ បើទោះបីវាយចូលក្រុងគៀវក៏ដោយ ក៏មិនអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែន ឬប្រជាជាតិអ៊ុយក្រែនបានដែរ។ ព្រោះអី? ស្មានតែគេស្លាប់ប្រធានាធិបតីមួយ ឬស្លាប់នាយករដ្ឋមន្ត្រីមួយ គេអស់មនុស្សឬ»?
សម្តេចបន្តថា «អញ្ចឹងខ្ញុំនៅតែមានជំនឿថា ជម្រើសចុងក្រោយ របស់រុស្ស៉ី និងអ៊ុយក្រែន គឺការឈប់បាញ់ និងមានកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរអាចទទួលយកបាន»។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មិត្តរុស្ស៉ី នឹងយល់ពីកម្ពុជា។ កម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន ដូច្នេះកម្ពុជាមិនគាំទ្រការឈ្លានពាននោះឡើយ។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពេលនេះជំហរកម្ពុជា គឺនៅខាងអ៊ុយក្រែន នេះដោយសារតែសម្តេចយល់ថា កម្ពុជាត្រូវតែនៅខាងភាគីណា ដែលត្រូវបានគេបំពាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «មិនថារុស្ស៉ី ឬប្រទេសណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការប្រឆាំងរបស់កម្ពុជា បែបនេះគឺផ្អែកលើច្បាប់អន្តរជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នយោបាយការបរទេសកម្ពុជា ផ្អែកលើគោលការណ៍ច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ។ ជំហរផ្លូវការរបស់កម្ពុជា គឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរពចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាក្លាយជាមហាអំណាចយោធាលើពិភពលោក ក៏កម្ពុជាមិនគាំទ្រនយោបាយលើកទឹកទ័ពឈ្លានពានប្រទេសដទៃនោះឡើយ៕