(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតថា ជំហរការបរទេសផ្លូវការរបស់កម្ពុជា គឺមានតែអង្គព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិប៉ុណ្ណោះ ក្រៅពីនេះមិនមែននោះឡើយ ពោលគ្រាន់តែជាអ្នកសិក្សាហើយធ្វើការអធិប្បាយតែប៉ុណ្ណោះ។

ការបញ្ជាក់ជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីការអធិប្បាយជុំវិញការបោះឆ្នោតក្នុងនាមសហស្ថាបនិកជាលើកទី២ របស់កម្ពុជា នៅអង្គការសហប្រជាជាតិ ជុំវិញការប្រឆាំងទៅនឹងសកម្មភាពរបស់រុស្ស៉ី ដែលប្រើប្រាស់កម្លាំងយោធាឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ សម្ដេចបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងទ័ពរបស់ប្រទេសមួយ ទៅឈ្លានពានប្រទេសមួយ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍បែបនេះថា «អ្នកដែលមានសិទ្ធិនិយាយជាផ្លូវការបាន សម្រាប់នយោបាយការបរទេសតំណាងឲ្យកម្ពុជា គឺក្រៅពីព្រះមហាក្សត្រ មាននាយករដ្ឋមន្ដ្រី និងមានក្រសួងការបរទេសជាផ្លូវការ មិនអាចយកអ្នកណាផ្សេងមកធ្វើអធិប្បាយជំនួសគោលជំហរបានទេ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ថ្មីៗនេះមានការលើកឡើងថា កម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៉ី គឺដោយសារកម្ពុជាមានកម្លាំងយោធាខ្សោយ។ តែចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ត្រឡប់ទៅវិញថា បើទោះបីកម្ពុជាមានកម្លាំងយោធាខ្លាំង ក៏មិនគាំទ្រនោះដែរ ចំពោះការឈ្លានពានរបស់ប្រទេសមួយ ដោយប្រើប្រាស់កម្លាំងយោធា ទៅកាន់ប្រទេសមួយទៀត។

សូមរំលឹកថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន និងបានស្ថិតក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។

៣សប្តាហ៍ក្រោយមក សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យមន្រ្តីទូត និងមន្រ្តីតំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោលជំហរបោះឆ្នោតប្រឆាំង នឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន ដោយចាត់ទុកថា ករណីនេះជាការរំលោភបំពានពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឲ្យមានទម្លាប់មិនល្អ នៅលើពិភពលោក។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កន្លងទៅចំពោះរឿងខ្លះកម្ពុជាត្រូវតែអព្យាក្រឹត្យដែរ ព្រោះវាជាជម្លោះធម្មតា ដែលក្នុងនោះមានបញ្ហារវាងឥណ្ឌា និងប៉ាគីស្ថាន នៅតំបន់កាស្មៀ បញ្ហាព្រំដែនឥណ្ឌា-ចិន បញ្ហាអ៉ីស្រាអែល-ប៉ាឡេស៊ីស្ទីនជាដើម។ ប៉ុន្តែចំពោះករណីរុស្ស៉ី-អ៊ុយក្រែន ជាករណីឈ្លានពាន៕