(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា មានមន្ទីរពេទ្យល្អ បរិក្ខារល្អ ជារឿងល្អ មួយទៅហើយ ប៉ុន្តែអ្វីកាន់តែល្អទៀត គឺការយកចិត្តទុកដាក់ និងមានក្រមសីលធម៌ របស់គ្រូពេទ្យចំពោះអ្នកជំងឺ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការ នូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានមន្ទីរពេទ្យល្អ យើងមានសម្ភារបច្ចេកទេសល្អ វាល្អហើយ ប៉ុន្តែអ្វីដែលល្អជាងនោះទៀត គឺការខិតខំបម្រើប្រជាជនដោយស្មោះត្រង់»

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់គ្រូពេទ្យទាំងអស់ ត្រូវគិតគូរអំពីសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលនោះជាចំណុចសំខាន់ ដែលជាចំណុចគន្លឹះនៃការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។

សម្ដេចតេជោ បានឲ្យដឹងទៀតថា ការបណ្ដុះបណ្ដាល គឺជាផ្នែកមួយដ៏សំខាន់ ដែលសម្ដេចចាប់ផ្តើមនិយាយដំបូង គឺសុំឲ្យ មិត្ដកូរ៉េ ផ្ទេរបច្ចេកវិទ្យាទាំងឡាយដែលមាន ជូនមកដល់គ្រូពេទ្យសម្រាប់ដំណើរការនៅទីនេះ (មន្ទីរពេទ្យព្រះអង្គឌួង)។

សម្ដេចតេជោ ហ៊ុន សែន បន្ដថា អ្នកដែលនៅទីនេះ ក៏ផ្ទេរបច្ចេកវិទ្យានេះ ទៅកាន់ក្រុមគ្រូពេទ្យដទៃទៀត ដែលទទួលបន្ទុកក្នុងការពិនិត្យព្យាបាល ព្រោះមិនមែនគ្រាន់ តែមានកន្លែងនេះមួយទេ ដែលត្រូវការពិនិត្យ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយ ជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ លើសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។

គូសបញ្ជាក់ថា អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការព្យាបាលឯកទេស សម្រាប់អ្នកដែលមានបញ្ហាត្រចៀក ច្រមុះ និងបំពង់ក។

អគារមានកម្ពស់៥ជាន់ បំពាក់ដោយឧបករណ៍ទំនើប សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ត្រូវបានសាងសង់ នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្ត នៅក្នុងមន្ទីរពេទ្យនេះ។

អគារជំងឺត្រចៀក ច្រមុះ បំពង់ក ថ្មីនេះមានទំហំសរុប ៤,១៧៧.៩៤ម៉ែត្រការ៉េ មានគ្រែសរុបចំនួន ១២៨គ្រែ រួមមាន៖ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់៕