(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាជន ឲ្យបន្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងបន្តអនុវត្តវិធានការសុខាភិបាល៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន និងត្រូវទៅទទួលវ៉ាក់សាំង ឲ្យបានគ្រប់ចំនួនតាមការកំណត់ ព្រោះកូវីដ១៩ មិនទាន់រលាយអស់ពីលោកនៅឡើយនោះទេ។ ជាមួយនេះដែរ ត្រូវបន្តថែរក្សាសុខភាពឲ្យបានល្អ ពោលត្រូវរស់ប្រកបដោយអនាម័យ។

ការអំពាវនាវរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងបញ្ចុះបឋមសិលាសាងសង់អគារថ្មីមួយខ្នងកម្ពស់២ជាន់ជូនដល់មន្ទីរពេទ្យបង្អែកស្ទោង មក្នុងខេត្តកំពង់ធំនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជក់ជូនថា អាគារសម្រាប់ពិនិត្យ និងព្យាបាលជម្ងឺថ្មីក្នុងមន្ទីរពេទ្យបង្អែកស្ទោងកសាងពីថ្មកម្ពស់២ជាន់ មានបណ្ដោយ៤៥ ម៉ែត្រនិងទទឹង ១៨ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់លោក ជា ចាន់តូ និងលោកស្រី ព្រមទាំងសហការីជាចំណងដៃសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់ខាងមុខនេះ។

លោក ជា ចាន់តូ បានលើកឡើងថា រាល់សមិទ្ធផលទាំងអស់រួមនឹងអគារថ្មី សម្រាប់ពិនិត្យ និងព្យាបាលដែលបានរៀបចំពិធីបញ្ចុំបឋមសិលាកសាងនាពេលនេះ គឺជាការខិតខំប្រឹងប្រែងទាំងអស់គ្នា។ ជាងនេះទៀតអាស្រ័យដោយមានអ្នកដឹកនាំប្រទេសល្អប្រកបដោយគតិបណ្ឌិតនោះ គឺសម្ដេចតេជោហ៊ុន សែន បិតាសន្តិភាពរបស់ជាតិ ទើបយើងមានឱកាសដូចពេលនេះ ពិសេសសុខសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ សម្ដេចហ៊ុន សែន គឺជាដំពេជ្រ និងជាដើនទន់មហាសាល ក្នុងការអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើន។

ដូចនេះអ្នកជំនាន់ក្រោយត្រូវស្វែង និងយល់ដឹងពីប្រវត្តិជាតិ ឲ្យបានច្បាស់ពីសម័យកាលមួយ ទៅសម័យកាលមួយទើបមិនលង់ចាញ់ឲ្យឧបាយកលអ្នកខាងក្រៅ និងត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព នការឯកភាពជាតិឲ្យបានគង់វង្ស។

លោកបានបន្ដថា អ្នកស្រុកស្ទោងដឹងច្បាស់ណាស់ពីសោកវិនាសកម្មនៃសង្គ្រាម ពោលឲ្យតែមានសង្គ្រាមប្រជាជននឹងជួបផលលំបាកព្រាត់ប្រាស់ ហើយប្រទេសនឹងរងមហន្តរាយគ្រប់យ៉ាង។ ជាក់ស្ដែងដូចសង្រ្គាមនៅអ៊ុយក្រែនបច្ចុប្បន្នតើខូចខាតខ្ទិចខ្ទីយ៉ាងណា?។

ក្នុងឱកាសនោះលោក ជា ចាន់តូ ក៏បានអំពាវនាវដល់ប្រជាជនឲ្យទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះឲ្យគ្រប់ៗគ្នា ដើម្បីជ្រើសតំណាងរបស់ខ្លួនដែលខ្លួនទុកចិត្ត ដើម្បីដឹកនាំនិងអភិវឌ្ឍន៍ភូមិ ឃុំបន្ត៕