(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារ (ហាសិបម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។

កន្លងមក អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកាដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA), ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖

* ប្រាក់រៀល៖ 100004348127
* ប្រាក់ដុល្លារអាមេរិក៖ 300001709996

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖
* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥
* លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤
* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨