(កណ្ដាល)៖ ក្រោយ Fresh News ចេញផ្សាយរឿងមន្ត្រីអាជ្ញាធរស្រុកកៀនស្វាយ ចុះចាប់គ្រឿងចក្រចំនួន២គ្រឿង របស់ឧកញ៉ា ឡោក ហួរ ដែលកំពុងធ្វើសកម្មភាពកាយប្រឡាយលើក ទំនប់ព័ទ្ធយកដីបឹង និងដីរបស់អ្នកស្រុកប្រកបរបរកសិកម្ម យកមកទុកនៅសាលាស្រុក រួចមកមានអ្នកស្រុកជាច្រើន កំពុងនាំគ្នារងចាំមើលនូវចំណាត់ការ របស់អភិបាលខេត្តកណ្ដាល ជាបន្តទៀតថា តើវាវិវត្តដល់ណាទៀត នៅពេលអ្នកស្រុកភាគច្រើន មិនសូវមានជំនឿ ព្រោះឧកញ៉ា ឡោក ហួរ ត្រូវបានគេមើលឃើញថាហាក់ដូចជា មានឥទ្ធិពលជាងអាជ្ញាធរដោយសារតែ យកឈ្មោះថ្នាក់ដឹកនាំមួយចំនួន ទៅប្រើបន្លាចថ្នាក់ក្រោម។
ជាការឆ្លើយតបនូវព័ត៌មាន ដែលអះអាងថា អាជ្ញាធរស្រុកកៀនស្វាយ ចុះចាប់គ្រឿងចក្ររបស់ឧកញ៉ា ឡោក ហួរ កាយបំពានយកដីបឹង និងដីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ កាលពីម្សិលមិញនោះត្រូវបានលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ថ្លែងប្រាប់ Fresh News ខណៈទូរស័ព្ឌសាកសួរព័ត៏មាន នៅវេលាម៉ោង១១៖២៧នាទី ថ្ងៃទី៦ ខែឧសភានេះថា តាមពិតគ្រឿងចក្ររបស់ឧកញ៉ា ឡោក ហួរ កំលាំងរបស់លោកចាប់មិនបានធ្វើសកម្មភាព កាយប្រឡាយរំលោភយកដីបឹង ឬដីប្រជាពលរដ្ឋនោះឡើយ គឺគាត់ធ្វើសកម្មភាពនៅក្នុងបរិវេណដី របស់ក្រុមហ៊ុន ដែលមាន ស.ជ.ណ សម្រាប់ធ្វើការអភិវឌ្ឍន៏ចំនួន២០០០ហិកតា តែដោយសារការធ្វើសកម្មភាពអត់សុំច្បាប់ ទើបលោកអភិបាល ខេត្តបញ្ជាឲ្យដកហូតយកមករក្សាទុក ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយ និងសុំច្បាប់ឲ្យបានត្រឹមត្រូវប៉ុណ្ណោះ។
លោក អ៊ូ ឈាង បានអះអាងបន្តថា បន្ទាប់ពីទទួលបានព័ត៌មានថា មានគ្រឿងចក្របានលបលួចទៅធ្វើសកម្មភាពកាយដីបឹងដែននេសាទ ធ្វើប្រឡាយដើម្បីទុកចាប់ត្រី នៅរដូវទឹកស្រកល្មើសចាប់ ទើបអភិបាលខេត្តបញ្ជាឲ្យអាជ្ញាធរស្រុកចុះបង្ក្រាប តែលោកដឹកនាំកំលាំងចុះទៅទាំងយប់ រកមិនឃើញគ្រឿងចក្រនោះទេ។ លុះព្រឹកឡើងចុះទៅម្ដងទៀត ក៏ប្រទះឃើញគ្រឿងចក្រ២គ្រឿង កំពុងធ្វើសកម្មភាពនៅលើដីក្រុមហ៊ុនមាន ស.ជ.ណ ធ្វើការអភិវឌ្ឍន៏តែមិនបានសុំច្បាប់ពីអាជ្ញាធរនោះ ទើបអភិបាលខេត្តបញ្ជាឲ្យដកហូតយកមកទុក ដើម្បីឲ្យម្ចាស់ចូលខ្លួនមកសុំច្បាប់ឲ្យបានត្រឹមត្រូវតែម្ដងទៅ។
លោកអភិបាលស្រុក បានទទួលស្គាល់ថា បច្ចុប្បន្នឧកញ៉ា ឡោក ហួរ ពិតជាមានប្រជាពលរដ្ឋប្ដឹងពាក់ព័ន្ធដីធ្លី នៅក្រៅរង្វង់ដីដែលមាន ស.ជ.ណ ហើយអាជ្ញាធរខេត្តក៏ធ្លាប់ចុះបើកវេទិកាសាធារណៈជាមួយ ប្រជាពលរដ្ឋនៅលើដីរបស់ក្រុមហ៊ុន ដែលកំពុងមានជំលោះផងដែរ កាលពីមុនចូលឆ្នាំខ្មែរ។
បច្ចុប្បន្នខេត្តបានបង្កើតគណៈកម្មការដោះស្រាយហើយ ដែលមានលោក ឃឹម ចាន់គិរី អភិបាលរងខេត្តជាប្រធាន និងអភិបាលស្រុកកៀនស្វាយ និងស្រុកស្អាងជាអនុប្រធានទៀតផង។
ពាក់ព័ន្ធចំណាត់ការរបស់អាជ្ញាធរខេត្តរឿងជំលោះដីធ្លី ជាមួយឧកញ៉ា ឡោក ហួរ នេះប្រជាពលរដ្ឋមិនសូវមានជំនឿនោះទេ ព្រោះមានរឿងក្ដីក្ដាំ បែបនេះញឹកញាប់មកហើយ តែកម្រមានដំណោះស្រាយល្អ សំរាប់ប្រជាជននោះណាស់ ព្រោះតែឧកញ៉ា ឡោក ហួរ ក្រៅពីមានងារជាឧកញ៉ា លោកក៏ជាអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជន ប្រចាំមណ្ឌលបាត់ដំបង ហើយក៏បានប្រើឥទ្ធិពលថ្នាក់ដឹកនាំមួយចំនួនក្នុងរឿង ជម្លោះដីនេះផងដែរ។ ពេលប្រជាពលរដ្ឋប្ដឹងកាន់តែច្រើន អាជ្ញាធរចុះដោះស្រាយកាន់តែខ្លាំង ឧកញ៉ា ឡោក ហួរ ធ្វើសកម្មភាពកាន់តែខ្លាំង ដែលបច្ចុប្បន្នគេដឹងថាសកម្មភាពកាយដី លើកទំនប់ព័ទ្ធយកដីបឹង ដីដែននេសាទសាធារណៈរបស់ឧកញ៉ា ឡោក ហួរ បានលាតសន្ធឹងចង់ដល់តំបន់
ប្រាសាទតាយោ ទៅហើយដែលដីទាំងនោះភាគច្រើន កំពុងមានទំនាស់ដោះស្រាយមិនទាន់ចប់នៅឡើយនោះទេ ហើយពេលដែលអាជ្ញាធរ ស្នើសុំឲ្យចូលដោះស្រាយជាមួយប្រជាពលរដ្ឋម្ដងៗ តែងតែយកលេសជាប់រវល់ចុះការងារ នៅខេត្តបាត់ដំបងរហូត។
មន្ត្រីថ្នាក់មូលដ្ឋាននៅក្នុងស្រុកកៀនស្វាយមួយចំនួន បានត្អូញត្អែរថារឿងជំលោះដី នៅស្រុកកៀនស្វាយ រវាងប្រជាពលរដ្ឋជាមួយអ្នកមានអំណាចជាពិសេស តាំងពីជំលោះដីអង្គការកាំហ្វិត រហូតដល់ជាមួយឧកញ៉ា ឡោក ហួរ នាពេលបច្ចុប្បន្ននេះ បានធ្វើអោយកើតមានការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋមកលើអាជ្ញាធរយ៉ាងខ្លាំង តែថ្នាក់លើហាក់ដូចជាមិនចាប់អារម្មណ៏ទៅវិញ ទំនងមើលឃើញផលប្រយោជន៏បុគ្គលច្រើន ជាងផលប្រយោជន៏រួមហើយមើលទៅ។
ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី៦ ខែឧសភានេះ Fresh News មិនអាចទូរស័ព្ឌសុំការសាកសួរព័ត៌មាន ពីឧកញ៉ា ឡោក ហួរ បានឡើយ ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន៕