(ស្ទឹងត្រែង)៖ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។ ពិធីនេះធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង, លោក សុី សួង សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងប្រធានមន្ទីរគណបក្សប្រជាជាជនខេត្តស្ទឹងត្រែង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា និងសមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តស្ទឹងត្រែង ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងពីប្រវត្តិនៃការបង្កើតគណកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមខេត្តស្ទឹងត្រែង ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្ត ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។ ជាពិសេសទៀតនោះ ជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយលោកបានសង្កត់ធ្ងន់ថា ពលរដ្ឋមួយរូប គឺជាសន្លឹកឆ្នោតមួយសន្លឹក ដើម្បីសម្រេចជោគវាសនាប្រទេសជាតិ។

លោកក៏បានក្រើនរំលឹក ដល់សកម្មជនគណៈចលនា ត្រូវបញ្ជាក់ឲ្យច្បាស់ថា គ្រប់គ្នានៅមូលដ្ឋានរបស់ខ្លួន គឺពិតជាមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបានបោះឆ្នោត ហើយប្រសិនមានប្រជាពលរដ្ឋណាម្នាក់មានបញ្ហាពាក់ព័ន្ធនឹងឯកសារ សូមជួយសម្រួលជូនគាត់ ពន្លឿនការងារឲ្យពួកគាត់បានទទួលឯកសារសមស្របគ្រប់គ្រាន់ ដូចជាអត្តសញ្ញាណបណ្ណសេរីចាស់ជាដើម គឺតម្រូវឲ្យមានសេរីថ្មី និងមានឈីបជាដើម។

បន្ថែមពីនេះ លោកបានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។ ជាមួយគ្នានោះ ដោយក្នុងឆ្នាំ ២០១៥ រដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ ចំនួន១,៥០០នាក់ផងដែរ។

លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នេីរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្តម្នាក់ ដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាម រស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូបឲ្យយល់ពីតំលៃសន្តិភាព និងរួមគ្នាថែរក្សាវាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់ជួបជុំ ពូជពង្សវង្សត្រកូល និងសាច់ញាតិដោយភាពសប្បាយរីករាយ។ លោកបន្តថា ដូចឧទាហរណ៍ស្រាប់នូវអ្វីដែលកើតឡើងចំពោះប្រទេស អ៊ុយក្រែន ដោយសារខ្វះសន្តិភាព សព្វថ្ងៃប្រជាជនរស់នៅក្នុងភាពភ័យខ្លាច បែកបាក់គ្រួសារ និងបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិផ្សេងៗជាច្រើនផងដែរ។

គួរជម្រាបផងដែរថា ជាចុងបញ្ចប់នៃពិធីខាងលើ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បាបឧបត្ថម្ភថវិកាសម្រាប់អ្នកចូលរួមក្នុងពិធីនេះ ដោយម្នាក់ៗទទួលបាន ២មុឺនរៀល៕