(បាត់ដំបង)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអះអាងថា យុវជនជាកម្លាំងដ៏សំខាន់ណាស់ និងជាអ្នកបន្តវេណសម្រាប់ដឹកនាំ ដើម្បីកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យនៅគង់វង់យូរអង្វែង និងគ្រប់ជំនាន់នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ក្នុងពិធីប្រកាសទទួល ស្គាល់សមាជិកភាព ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រចាំសាលាគរុកោសល្យនិងវិក្រិត្យការខេត្ត ចំនួន២៩នាក់និងអ្នក ចូលរួមសរុប១៣៥នាក់។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក យី សុងគី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក រិន មុន្នីវណ្ណ នាយកសាលា គរុកោសល្យ និងវិក្រិត្យការខេត្ត លោកគ្រូ អ្នកគ្រូ គរុសិស្ស សាកលវិទ្យាធិការ នានា ក្នុងខេត្តចូលរួមជាច្រើននាក់ផងដែរ។ បន្ទាប់ពីអំណាន របាយការណ៍សង្ខេបរបស់ លោកនាយកសាលា រិន មុន្នីវណ្ណ ស្តីពីស្ថានភាព និងការអភិវឌ្ឍន៍រីកចម្រើន ក្នុងការបណ្តុះបណ្តាលគរុសិស្ស បាន៣៤ជំនាន់មកហើយ ហើយក្លាយជាលោកអ្នកគ្រូបានរាប់ពាន់នាក់ ដែលកំពុងបង្រៀនសិស្សនៅតាមមូលដ្ឋានរបស់ខ្លួនដល់ បច្ចុប្បន្នរួចមក។
លោក យី សុងគី បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងវិស័យអប់រំដែលជាវិស័យអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ក្នុងគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានលើកស្ទួយដល់យុវជនទូទៅ ព្រោះយុវជនបានដើរតួនាទីជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង។ ដោយឡែកខេត្តបាត់ដំបងយើងមានមោទនភាពយ៉ាងខ្លាំង ដែលមានសិស្សពូកែថ្នាក់ជាតិច្រើនជាងគេ ព្រមទាំងទទួលបានមេដាយផងដែរ។
បន្ទាប់ពីលោក ម៉ៅ សុបុណ្ណា អនុប្រធាន ស.ស.យ.ក ខេត្តបានឡើងអានសេចក្តីសម្រេច ស្តីពីការកែសម្រួល មុខងារ ភារកិច្ចថ្នាក់ដឹកនាំ ស.ស.យ.ក ប្រចាំសាលាគរុកោសល្យនិងវិក្រិត្យការខេត្តរួចមក។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា យុវជនទូទៅគឺជាកម្លាំងដ៏សំខាន់ណាស់ និងជាអ្នកបន្តវេណសម្រាប់ដឹកនាំនិងដើម្បី កសាង អភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យនៅគង់វង់យូរអង្វែងនិងគ្រប់ជំនាន់។ រយៈពេលកន្លងមកលោកបានអនុវត្តតាមអនុសាសន៍លោក ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា និងបានបង្កើត រចនាសម្ព័ន្ធថ្នាក់ដឹកនាំ សមាជិក សមាជិការ ស.ស.យ.ក នៅតាមស្ថាប័ននានា ជាច្រើនមកហើយ ក្នុងគោលបំណងតម្រង់ទិសដល់យុវជន ជំនាន់ក្រោយឲ្យចេះធ្វើអំពើល្អសម្រាប់សង្គមជាតិ។
ពិសេសថ្ងៃនេះលោកបានបន្តប្រកាស សមាភាពថ្នាក់ដឹកនាំប្រចាំសាលាគរុកោសល្យនិងវិក្រិត្យការខេត្តជាលើកទី៣ហើយ និងគុសិស្ស ជំនាន់ទី៣៥ផងដែរ។ គោលដៅ ស.ស.យ.ក គឺសំដៅធ្វើយ៉ាងណាឲ្យយុវជនបានស្គាល់និងធ្វើសកម្មភាព៤ចំណុចសំខាន់ៗគឺ ទី១ យុវជន ត្រូវស្គាល់វប្បធម៌ សាសនា ប្រពៃណីជាតិខ្លួន ទី២ យុវជនត្រូវចេះជួយការងារសង្គមផ្នែកមនុស្សធម៌ ទី៣ យុវជនត្រូវចេះចូលរួមក្នុងការ ថែទាំអនាម័យ បរិស្ថាន និងទី៤ យុវជនត្រូវផ្សាភ្ជាប់ទៅនិងវិស័យអប់រំនិងកីឡាឲ្យបានល្អ គឺខិតខំរៀនសូត្រ ដកស្រង់បទពិសោធន៍ ពីលោកគ្រូ អ្នគ្រូ និងចាស់ៗជំនាន់មុន ដើម្បីក្រេបយកចំណេះដឹង ចំណេះធ្វើ ត្រៀមខ្លួនប្រឡូកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនិងគង់វង់ យូរអង្វែង រក្សាបានសុខសន្តិភាពជូនជាតិមាតុភូមិនៃយើងទាំងអស់គ្នា៕