(ចិន)៖ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានជ្រើសរើសប្រធានសមាគមអាណត្តិទី៥ ដែលពោរដោយសមត្ថភាព ជាមួយក្តីសង្ឃឹមនិស្សិតខ្មែរ ដែលរង់ចាំវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ ក្នុងឆ្នាំ២០២២ ខាងមុខនេះ ទាំងអស់គ្នា។

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាលនៃសមាគមនិស្សិតកម្ពុជាប្រចាំសាធាណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ុ វុទ្ធទី ជាប្រធាន បានរៀបចំការបោះឆ្នោតជ្រើសតាំងកញ្ញា ហោ រស្មី ជាប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៣។

កញ្ញា ហោ រស្មី ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអប់រំភាសាចិនអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យភាសា និងវប្បធម៌ ទីក្រុងប៉េកាំង (Beijing Language and Culture University) ។

បើតាមកញ្ញាប្រធានសមាគម បានឲ្យដឹងថា គិតមកដល់ពេលនេះ មិនទាន់មានបងប្អូននិស្សិតកម្ពុជាយើង បានត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់នៅឡើយទេ ប៉ុន្តែនិស្សិតមួយចំនួនធំ ត្រូវបានខាងសាកលវិទ្យាល័យនៅប្រទេសចិនដែលពួកគាត់សិក្សា បានអនុញ្ញាតឲ្យពួកគាត់វិលត្រលប់ទៅវិញបាន តាមរយៈបញ្ជីឈ្មោះរបស់ស្ថានទូតចិន ព្រមទាំងការជូនដំណឹងរបស់សាកលវិទ្យាល័យ។

នាពេលថ្មីៗនេះ គណៈគ្រប់គ្រងក្រុមប្រឹក្សាភិបាលអាហារូបករណ៍រដ្ឋាភិបាលចិន ដែលហៅកាត់ថា “CSC” បានធ្វើសេចក្តីប្រកាសជាសាធារណរៈ និស្សិតបរទេសទាំងអស់ នឹងបានធ្វើត្រលប់ទៅបន្តការសិក្សា នៅប្រទេសចិនវិញនៅដើមខែកញ្ញា ឆ្នាំ២០២២ ដែលជាដើមឆមាសថ្មី ឆ្នាំសិក្សាថ្មីផងដែរ។

កញ្ញាប្រធានសមាគម បានបន្ថែមថា ជាការពិតណាស់ ក្នុងខែកុម្ភៈកន្លងទៅមកនេះ និស្សិតកម្ពុជារបស់យើង មួយចំនួនធំ ត្រូវបានអនុញ្ញាតឲ្យទៅបន្តការសិក្សានៅដើមខែមីនា ឆ្នាំ២០២២នេះ តែបែរជាមិនទាន់ឃើញមាននិស្សិតកម្ពុជាណាម្នាក់ មានលទ្ធភាពគ្រប់គ្រាន់ ទៅបន្តការសិក្សានៅឡើយ ដោយសារតែមូលហេតុមួយចំនួនដូចជា៖
១៖ មិនសូវមានជើងហោះហើរពីកម្ពុជា ទៅប្រទេសចិន ឬស្ទើរតែគ្មានជើងហោះហើរ ក្នុងអំឡុងខែមីនា
២៖ សំបុត្រយន្តះហោះពីកម្ពុជាទៅប្រទេសចិន មានតម្លៃថ្លៃខ្ពស់ពេក
៣៖ ថ្លៃសេវាចត្តាឡីស័ក ចន្លោះរយៈពេល ២៨ថ្ងៃ ទៅ៣៥ថ្ងៃ មានតម្លៃថ្លៃខ្ពស់ពេក

ទាំងនេះ ជាមូលហេតុដែលនិស្សិតស្ទើរតែទាំងអស់គ្នា មិនមានលទ្ធភាពចំណាយក្នុងការត្រលប់ទៅបន្តសិក្សានៅឆមាសទី២ ក្នុងខែមីនា ឆ្នាំ២០២២នេះ។

ឆ្លៀតក្នុងការឱកាសនេះផងដែរ សមាគមនិស្សិត សូមគោរពថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាកកម្ពុជា ប្រមុខរដ្ឋាភិបាលចិន ស្ថានទូតចិន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តដាក់ខ្ពស់ចំពោះអនាគត និងការសិក្សារបស់បងប្អូននិស្សិតយើង ជាពិសេសការជំរុញ ឲ្យប្អូនបងប្អូនិស្សិតយើង ឆាប់បានវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់វិញ ព្រមទាំងការបន្តផ្តល់អាហារូករណ៍ទៅបន្តការសិក្សាប្រទេសចិន ដល់បងប្អូននិស្សិតយើង ជាបន្តបន្ទាប់ផងដែរ៕