(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីម្សិលមិញ បានប្រកាសធ្វើយុទ្ធនាការ ចែកទឹកសុទ្ធ ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ដោយកំណត់៥ពាន់កេសក្នុងមួយខេត្ត។ ជាមួយគ្នានេះ លោកក៏ឱ្យមន្រ្តីបង្កើតយុទ្ធនាការចែកទឹក ដើម្បីចូលរួមដោះស្រាយបញ្ហាខ្វះទឹក ដែលកំពុងប្រឈមនៅក្នុងប្រទេស។ នេះបើតាមការឱ្យដឹងពីមន្រ្តីខុទ្ទកាល័យក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ការប្រកាសធ្វើយុទ្ធនាការនេះ គឺឆ្លើយតបទៅនឹងការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលស្នើឱ្យ ស្ថាប័ននានា ទាំងគណបក្សនយោបាយ សង្គមស៊ីវិល និងវិស័យឯកជន ចូលរួមក្នុងយុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលខ្វះទឹក។
យុទ្ធនាការចែកទឹកសុទ្ធជូនប្រជាពលរដ្ឋ នឹងផ្តល់តាមរយៈមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ទាំង២៤ខេត្ត (លើកលែងរាជធានីភ្នំពេញ) ដោយក្នុង ០១ខេត្តៗ នឹងទទួលបានទឹកបរិសុទ្ធចំនួន ៥,០០០ កេស (សរុប ២៤ខេត្តចំនួន ១២០,០០០ កេស)។ ទឹកសុទ្ធមួយចំនួន បានមកពីការឧបត្ថម្ភរបស់វិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនស្រាបៀរអង្គរផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្រ្តីទាំងអស់បើកយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចប្រកាសមិនឲ្យក្រសួងនានា ហៅអភិបាលខេត្តឡើងមកប្រជុំនៅភ្នំពេញឡើយ ដោយទុកពេលវេលា ឲ្យអភិបាលខេត្តទាំងអស់អន្តរាគមន៍ដឹកទឹក ចែកជូនប្រជាពលរដ្ឋ។ សម្តេចអំពាវនាវឲ្យក្រុមហ៊ុនផលិតទឹកសុទ្ធនានា ចូលរួមបរិច្ចាកទឹកជូនប្រជាពលរដ្ឋដែលកំពុងរងការខ្វះខាតផងដែរ៕