(ភ្នំពេញ)៖ លោកកិត្តិនីតិកោសល្យបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ បាន អញ្ជើញជាអធិបតីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៥០០នាក់ ជាសមាជិកថ្មីសម្រាប់គណបក្សប្រជាជនកម្ពុជា មកពីភូមិចំនួន១៧ នៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក និងមានការចូលរួមពីអនុប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក ប្រធានក្រុមការងារចុះជួយសង្កាត់ ព្រមទាំងលោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ។
លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានរំលឹកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យ ពូជសាសន៍ ជាពិសេសនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។
លោកបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ហើយការចូលជាសមាជិកបក្សប្រជាជន មិនមែនដើម្បីទទួលបានអំណាចនោះទេ តែដើម្បីធ្វើជាមែកធាងផ្តល់ជាម្លក់ដ៏ត្រជាក់សម្រាប់ការ ជ្រករបស់ប្រជាជន។
លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឱ្យសមាជិកថ្មីម្នាក់ៗ ចូលរួមប្រឆាំងវាយបកលើពួកគណបក្សប្រឆាំង ទៅលើឧបាយកលដ៏អាក្រក់ ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជន និងកំពុងដឹងនាំប្រទេស ទទួលបានភាពរីកចំរើន និងនាំមកនូវសុខសន្តិភាពជូនប្រជាជនគ្រប់រូប។
លោក ឱម យ៉ិនទៀង ក៏បានអរគុណចំពោះការចូលរួមរបស់យុវជន និងដែលមានជំនឿ និងទំនុកចិត្តចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងបានណែនាំ ឱ្យយុវជន គ្រប់ថ្នាក់ទាំងអស់ត្រូវបំពាក់បំប៉នដល់យុវជនអំពីសាវតា បុព្វហេតុ លក្ខន្តិកៈ និងគោលនយោបាយរបស់គណបក្ស សំដៅសម្រេចឱ្យបានតាម គោលការបក្ស គឺសមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស ហើយយុវជនបក្សម្នាក់អូសទាញបានសន្លឹកឆ្នោតមួយសន្លឹកបន្ថែមទៀត៕