(ឧត្តរមានជ័យ)៖ សេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា នៅថ្ងៃត្រង់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមក្មេងឃ្វាលគោមួយក្រុម មានគ្នា៣នាក់ បានដើរឃ្វាលគោ នៅចំណុចវាលស្រែខាងកើត ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ប្រទះឃើញគ្រាប់ មិនស្គាល់ម៉ាក សល់ពីសម័យសង្គ្រាម យកមកបោកលេង បណ្តាលឱ្យផ្ទុះស្លាប់ មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តឧត្តរមានជ័យបានឲ្យភ្នាក់ Fresh News ដឹងថា ក្មេងឃ្វាលគោទី១-ឈ្មោះ សៀង លី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ ចាន់ សាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣ ឈ្មោះ ទុយ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (របួសធ្ងន់បញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ)។
លោកស្នងការបញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើត និងសង្គ្រោះដល់ក្មេងរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។ រីឯក្មេងស្លាប់បាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕