(កំពង់ធំ)៖ ទីរួមស្រុកស្ទោងស្ថិតនៅប៉ែកខាងលិច នៃខេត្តកំពង់ធំ មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីទីរួមខេត្ត ត្រូវបានប្រជាពលរដ្ឋនិយាយថា មានភាព អាប់អួរ រញ៉េរញ៉ៃ ខ្លាំងណាស់ពោលមានការហ៊ុំព័ទ្ធដោយសំរាម និងទឹកស្អុយ មានតាំងពីអភិបាលស្រុកជាច្រើនជំនាន់ហើយនោះ ទើបតែពេលនេះអាជ្ញាធរខេត្ត បានបើកយុទ្ធនាការចុះទៅរៀបចំស្តារមុខមាត់ឡើងវិញ ដើម្បីជាភាពទាក់ទាញ និងលើកតម្កើងខាងសុខភាព។
ជាក់ស្តែង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋាន ស្រុក-ឃុំ សមត្ថកិច្ច និងប្រជាការពារភូមិ ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារស្រុកស្ទោង ដើម្បីកាយសំរាម កាយប្រឡាយរំដោះទឹកស្អុយ ដែលហ៊ុំព័ទ្ធជុំវិញផ្សារនិងក្នុងផ្សារ។
លោក គង់ វិមាន បានដាក់ផែនការឲ្យអាជ្ញាធរមូលដ្ឋាន រៀបចំក្រុមការងារមួយជាបន្ទាន់ ដោយទុករយៈពេលបីថ្ងៃ ក្នុងការកាយសំរាម កាយប្រឡាយរំដោះទឹកស្អុយ ដែលហ៊ុព័ទ្ធជុំវិញផ្សារ ក្នុងផ្សារ មុនរដូវធ្លាក់ភ្លៀងចូលមកដល់ ពោលត្រូវរៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារដោយឲ្យបងប្អូនអាជីវករ រៀបចំរៀបរយក្នុងផ្សារឲ្យមានផ្លូវដើរ ផ្លូវទឹក លូទឹកក្នុងការហូរចូលក្នុងប្រឡាយ កំពុងជីក ផាស៊ីផ្សារត្រូវពន្លឿនក្នុងការរៀបចំទុកដាក់សំរាម កុំឲ្យអាជីវករបោះចោលសំរាមពាសវាល ពាសកាល ដែលអាចបង្កឲ្យមានករឆេះផ្សារដោយប្រការណាមួយ ត្រូវរៀបចំកាមេរ៉ាសុវត្ថិភាព ដើម្បីចាប់នូវអ្វីដែលមានបញ្ហាកើតឡើង និងត្រូវត្រួតពិនិត្យប្រព័ន្ធទឹកស្អាតល្អជាដើម។
លោកបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន សុំកុំឲ្យយកបាតដៃទៅប្រឡាក់ជាមួយអំពើអាក្រក់ឲ្យសោះ អាជ្ញាធរស្រុក ឃុំត្រូវស្វែងយល់ពីភារកិច្ចរបស់ខ្លួន ឲ្យបានច្បាស់លាស់ សូមកុំគិតប្រយោជន៍ បុគ្គលត្រូវគិតប្រយោជន៍សមូហភាព ត្រូវសម្របសម្រួលឲ្យគាត់យល់ក្នុងការរៀបចំផ្សារ និងត្រូវណែនាំឲ្យបងប្អូនអាជីវករជួយសហការណ៍ជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីកែលម្អសោភណ្ឌភាពផ្សារ ជាពិសេសគិតអំពីសុខភាព អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ហើយគោលបំណងរបស់ថ្នាក់ដឹកនាំចង់ឲ្យផ្សារស្អាត មានលក្ខណៈសមស្រប ទាំងសោភណ្ឌភាពសំណង់គុណភាពសន្តិសុខសណ្តាប់ធ្នាប់ សុខភាព អនាម័យ បរិស្ថាន និងផាសុភាព។ លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងមានការពិចារណា ដើម្បីឲ្យមានភាពរីកចំរើនក្នុងសង្គម៕