(បន្ទាយមានជ័យ)៖​​ មនុស្ស២នាក់ រថយន្តម៉ាក Camry​ ចង្កូតស្ដាំ ពណ៌​ប្រផេះ ស៊េរីឆ្នាំ១៩៩១ ពាក់ស្លាកលេខ បាត់ដំបង 2A -1950 មួយគ្រឿង និងវត្ថុតាងគ្រឿងញៀនមួយចំនួន​ត្រូវបានកម្លាំង​អាវុធហត្ថស្រុកម៉ាឡៃបានឃាត់ នៅរសៀល​ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦។
 
លោក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្ត ឲ្យដឹង​ថាជនសង្ស័យ​ ដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ តាន់ ចាន់ណា ហៅអូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំ​នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និង ទី២ឈ្មោះតែ សុវណ្ណ ហៅឈើយ ភេទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិចំការចេក ឃុំគយម៉ែង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ។

វត្ថុតាងដកហូតបានរួមមាន គ្រឿងញៀនមេតំហ្វេតាមីន ទឹកកកចំនួន២កូនថង់តូចយ៉ាម៉ាចំនួន៥គ្រាប់ រថយន្ដ១គ្រឿងម៉ាក Camry ចង្កូតស្ដាំ ស៊េរី១៩៩១ ពណ៌​ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2A-1950 ទូរស័ព្ទដៃចំនួន២គ្រឿង កាបូបលុយលិខិតឆ្លងដែន១ក្បាល ប័ណ្ណព្រំដែនចំនួន១សន្លឹក។

ក្រោយពីធ្វើការឆែកឆេរ និងឃាត់ខ្លួន រួចមកជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការសាកសួររួចមក ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀនទាំងអស់នេះ ដើម្បីរក្សាទុកប្រើប្រាស់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់៕