(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម នៃគណបក្សប្រជាជនកម្ពុជា បានផ្តាំផ្ញើថា បេក្ខជនដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២នេះ ត្រូវរួមសុខរួមទុក្ខ ជាមួយប្រជាជន ហើយធ្វើការជូនពួគាត់ដោយមិនរុញរា និងខ្លាចពីការនឿយហត់ឡើយ។

លោកបានថ្លែងបែបនេះ ក្នុងនៅទីស្នាក់ការបក្សឃុំចំណោម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំស្តីពីការជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ នៅខែមិថុនា ឆ្នាំ២០២២។

លោកបញ្ជាក់ថា បើទោះបីជាឃុំ ចំណោម មានតែគណបក្សឈរឈ្មោះប្រគួតប្រជែង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ មានតែ ៣គណបក្សយ៉ាងណាក្តី (បក្សប្រជាជន បក្សភ្លើងទៀន និងបក្សរួបរួមជាតិ) ការរកសំលេងឆ្នោតត្រូវតែខំប្រឹងរៀងៗខ្លួន ដើម្បីយកជ័យជំនះនៅពេលខាងមុខ។ បើទោះបី គណបក្សប្រជាជមានប្រៀបឈ្នះលើគណបក្សផ្សេងតាំងពីអាណត្តិ ទី១រហូតដល់អាណត្តិទី៥យ៉ាងណាក៏ដោយ ក្នុងអាណត្តិទី៦នេះ សមាជិកគណប្រជាជនទាំងអស់ត្រូវតែខិតខំយកឈ្នះបន្តទៀត។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា បេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ គឺត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិ កំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីឈ្នះឆ្នោត ហើយត្រូវបំរើប្រជាពលរដ្ឋឲ្យបានល្អ ពិសេសគឺសាមគ្គីភាពផ្ទៃក្នុងឲ្យល្អផងដែរ៕