(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានក្រើនរំលឹកសមាជិក-សមាជិការបក្សទាំងអស់ ឲ្យបន្តគាំទ្រគោលនយោបាយគណបក្ស ដើម្បីការពារសន្តិភាពឲ្យបានគង់វង្ស តាមរយៈគោលនយោបាយឈ្នះឈ្នះ។

នេះជាលើកឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា សន្តិភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់បណ្តាប្រទេសទាំងអស់ ជាក់ស្តែងសុខសន្តិភាព គឺនាំកម្ពុជាមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាជនរស់នៅមានភាព សុខសាន្ត ហើយប្រទេសកម្ពុជាមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយត្រឹមត្រូវនិងច្បាស់លាស់ និងបានដាក់ចេញឲ្យសមាជិក-សមាជិការគណបក្សទាំងអស់អនុវត្តនៅតាមមូលដ្ឋានទូទាំងប្រទេស ដើម្បីជាតិមាតុភូមិនិងប្រជាពលរដ្ឋ។

លោក អ៊ាង សុផល្លែត ជំរុញលើកទឹកចិត្តឲ្យសមាជិកគណបក្សស្រុកអូររាំងឪ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានការងារ និងមុខរបរត្រឹមត្រូវ ដើម្បីរកប្រាក់ចំណូលបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាគោល នយោបាយអាទិភាពមួយរបស់គណបក្ស ក្នុងការលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀតសូមឲ្យសមាជិក-សមាជិការគណបក្សទាំងអស់ សូមបន្តការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីដណ្តើមបានប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ និងការបោះឆ្នោតបន្តបន្ទាប់ទៀត។

លោកបានសង្កត់ធ្ងន់ថា សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ការងារសន្តិសុខក្នុងមូលដ្ឋានស្រុកអូររាំងឪ ទប់ស្កាត់ភាពអសកម្ម ល្បែងស៉ីសងគ្រប់ប្រភេទ ពិសេសគ្រឿងញៀនដែលនាំមកនូវគ្រោះមហន្តរាយដល់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ៕