(ពោធិ៍សាត់)៖ លោក ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងលោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រមាណ៥០០នាក់។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវត្តបន្ទាយដី ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈទាំង៥ នៃគណបក្សខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ក្រុមការងារចុះជួយសង្កាត់បន្ទាយដី និងបេក្ខជនពេញសិទ្ធិ ក្រុមប្រឹក្សាសង្កាត់បន្ទាយដីជាច្រើននាក់ទៀត។

បន្ទាប់ពីមតិស្វាគមន៍ របស់ប្រធានគណបក្សក្រុង និងរបាយការណ៍សកម្មភាពការងារគណបក្សសង្កាត់ និងទិសដៅដែលអានដោយលោក នូ នឿង បេក្ខជនពេញសិទ្ធិលំដាប់លេខរៀងទី១ រួចមក, លោក ជាវ តាយ មានមតិសំណេះសំណាល ជាមួយនឹងសមាជិកក្រុមបក្សទាំងអស់ ដោយបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេច ប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីស្វែងរកសន្តិភាព និងឯកភាពជាតិពេញលេញ ស្របតាមនយោបាយឈ្នះឈ្នះរបស់សម្តេច។

លោកបានបញ្ជាក់ថា សភាពការណ៍អន្តរជាតិបច្ចុប្បន្ននេះ ជាក់ស្តែងដូចជាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យប្រជាពលរដ្ឋនៅទីនោះ រងទុក្ខវេទនា តែនៅកម្ពុជាឯនេះវិញ គឺមានសុខសន្តិភាព ហើយឈានទៅរកការបោះឆ្នោតឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយមានគណបក្សចំនួន១៦ ចុះបញ្ជីប្រកួតប្រជែង សង្ឃឹមថាបងប្អូនក្រុមបក្ស គ្រួសារបក្ស សមាជិក គណបក្សប្រជាជនកម្ពុជា ដែលកំពុងមានវត្តមាននៅទីនេះ នឹងគៀងគរ បងប្អូនកូនក្មួយ និងគ្រួសារក្នុងភូមិ ក្នុងមូលដ្ឋាន ធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ ដើម្បីរក្សាបាននូវសុខសន្តិភាព សូមគាំទ្រសម្តេច ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីជារៀងរហូត។

ជាមួយគ្នានោះ លោក ជាវ តាយ បានគូសបញ្ជាក់ថា ត្រូវតែការពារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរកសន្តិភាពជូនប្រជាជន និងរក្សាការពារបាន នូវសុខសន្តិភាពជូនប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះលោក ជាវ តាយ ក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិក សមាជិកា ក្រុមបក្សដែលបានចូលរួមប្រមាណ ៥០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ ២០គីឡូក្រាម មី១កេស និងទឹកបរិសុទ្ធវីតាល់១កេស ផងដែរ៕