(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញការបំភ្លឺមួយដោយច្រានចោលការចោទប្រកាន់ និងការផ្សាយព័ត៌មានមិនពិតរបស់បុរសម្នាក់តាមបណ្តាញសង្គម ដោយចោទប្រកាន់ទៅលើមន្រ្តីនគរបាលចរាចរណ៍ប្រចាំការ នៅរង្វង់មូលចៅ ខណ្ឌពោធិ៍សែនជ័យ ដោយអ្នកបង្ហោះនោះបាននិយាយថា សមត្ថកិច្ចធ្វើការគំរាមកំហែង ប៉ុន្តែធាតុពិតខ្លួនឯងនោះទេ ដែលបើកបរមិនគោរពច្បាប់ និងប្រើកាយវិការមិនសមរម្យមកលើកងកម្លាំង។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះថា ទាក់ទងទៅនឹងការការចុះផ្សាយព័ត៌មានមិនពិតករណីល្មើសច្បាប់ចរាចរណ៍នៅរង្វង់មូលចោមចៅ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះការចុះផ្សាយខុសពីការពិតនេះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានបុរសម្នាក់បើកម៉ូតូម៉ាក វីននរ ទិសដៅពីមហាវិថីសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ៤ ដោយមិនបានពាក់គន្លឹះមួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ និងដៃកាន់ទូរសព្ទ័ដៃ។ ឃើញដូច្នេះមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ក៏ធ្វើការហៅអ្នកបើកបរឱ្យឈប់ ដើម្បីសួរនាំនិងធ្វើការអប់រំណែនាំ តែអ្នកបើកបរល្មើសនោះដែលជាអ្នកសារព័ត៌មាន ក៏ប្រើកាយវិការ និងអត្តចរិតមិនសមគួរមកលើមន្រី្តអនុវត្តន៍ច្បាប់ ហើយដើរចេញបាត់។

លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវបុរសរូបនេះ គួរតែធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយចូលរួមគោរពច្បាប់ ជាពិសេសគួរចែកចាយតែព័ត៌មានពិត មិនគួរចែកចាយព័ត៌មានមិនពិត ព្រោះតែខ្លួនល្មើសច្បាប់ ដែលត្រូវបានសមត្ថកិច្ចហៅឱ្យឈប់ដើម្បីអនុវត្តច្បាប់នោះទេ ៕