(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ទោះកម្ពុជាបច្ចុប្បន្នមានសុខសន្ដិភាព ការអភិវឌ្ឍ ឱកាស និងសម្បូរសប្បាយជាងអតីតកាលក៏ដោយ យើងមិនគួរណាបំភ្លេចទាំងស្រុងអំពីសោកនាដកម្មដែលប្រទេសកម្ពុជា និងប្រជាជនឆ្លងកាត់ឡើយ។

ថ្លែងក្នុងពិធីក្នុងឱកាសសម្ពោធវិមាននៃការចង់ចាំ (អតីតទំនប់អាភាព ហៅម.៤០១) នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការបំភ្លេច ឬមិនទទួលស្គាល់ ថ្ងៃ៧មករា គឺស្មើនឹងការបំភ្លេចអតីតកាល បំភ្លេចសោកនាដកម្ម និងបំភ្លេចដល់ដួងវិញ្ញាក្ខន្ធបស់អ្នកបាត់បង់ជីវិតផង និងភាពអយុត្តិធម៌សម្រាប់លោកតា លោកយាយ អ៊ំពូមីង ដែលជាជនរងគ្រោះ និងជាសាក្សីក្នុងរបបនោះផង។ ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក «បំភ្លេចម្តេចបាន»

លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «ជាពាក្យដែលថ្នាក់ដឹកនាំ (ជាយុវជនជំនាន់មុន) បានក្រើនរំឭកឲ្យយើង (ជាយុវជនជំនាន់ក្រោយ) ដែលកើតធំធាត់ និងមានឱកាសច្រើនជាងពួកគាត់ ចងចាំដល់សោកនាដកម្មដែលប្រទេសជាតិ និងប្រជាជនស្លូតត្រង់របស់កម្ពុជាបានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ក្នុងរបបខ្មែរក្រហម។ ទោះយើងមានសន្តិភាព ការអភិវឌ្ឍ ឱកាស និងមានភាពសម្បូរសប្បាយជាងអតីតកាលក្តី យើងមិនគួរណាភ្លេចទាំងស្រុង ដល់សោដនាដកម្ម ដែលប្រទេសជាតិ និងប្រជាជនយើងបានឆ្លងកាត់ ជាពិសេសទុក្ខវេទនា ការព្រាត់ប្រាស និងភាពសោកសង្រេងនានា ដែលជាផលនៃសង្រ្គាម»

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានបង្ហាញនូវអារម្មណ៍ក្តុ្កកក្តួល និងរំជួលចិត្តចំពោះសោកនាដកម្មដែលប្រជាពលរដ្ឋខ្មែរបាត់បង់សាច់ញាតិក្រុមគ្រួសារ យ៉ាងអណោចអាធម៌ជាទីបំផុតផងដែរ។

បើតាមលោក ហ៊ុន ម៉ានី វិមាននៃការចងចាំនេះ ត្រូវបានសាងសង់ឡើងលើទីតាំងទំនប់អាភាព ហៅមន្ទីរ ម៤០១ ដែលជាអតីតមន្ទីរឃុំឃាំងដែលបនប្រល័យពូជសាសន៍ ខ្មែរក្រហម យកធ្វើជាទីតាំងធ្វើទារុណកម្ម និងសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ ប្រមាណ ២០,០០០នាក់។

ជារៀងរាល់ឆ្នាំ នៅទីតាំងនេះ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងសាច់ញាតិ តែងតែមកធ្វើពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បងជីវិតជាហូរហែ។ ដើម្បីសម្រួលដល់ការរៀបចំពិធីនេះ លោក ហ៊ុន ម៉ានី និងភរិយា ក្រុមការងារ និងសប្បុរសជនជិតឆ្ងាយ បានមូលមតិគ្នារៀបចំសាងសង់វិមាននេះឡើង ដោយយករចនាបថតាមមណ្ឌលប្រល័យពូជសាសន៍ «ជើងឯក»

សូមបញ្ជាក់ថា វិមាននៃការចងចាំ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៧ ដោយចំណាយថវិកាសាងសង់សរុបប្រមាណ ៥០,០០០ដុល្លារ ដែលជាការបរិច្ចាគពីសប្បុរសជនជាច្រើននាក់៕