(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សានៅសប្ដាហ៍ទី៨ លោក ម៉ារ យ៉ារិទ្ធ បានណែនាំបន្ថែមទៅលើការសរសេរ Spot News និងជំហានខ្លះៗនៃការសរសេរអត្ថបទទូរទស្សន៍។

ជាមួយគ្នានេះលោកបានជំរុញឲ្យសិក្ខាកាមដែលចង់ក្លាយជាអ្នកសាព័ត៌មានជំនាញម្នាក់ ត្រូវស្វែងយល់ និងតាមដានស្រាវជ្រាវអំពីព័ត៌មានឲ្យបានច្បាស់លាស់។ ការតាមដានបានជាប់បែបនេះ អាចជួយឲ្យការសរសេរអត្ថបទបានស៊ីជម្រៅ និងលឿនរហ័ស។

ជាពិសេសការចេះតាមដាន និងស្រាវជ្រាវព័ត៌មាន អាចជួយឲ្យអ្នកព័ត៌មានអាចសម្រេចជ្រើសរើស ចំណុចសំខាន់ណាមួយនៃព័ត៌មានមកសរសេរក្នុងអត្ថបទ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ម៉ារ យ៉ារិទ្ធ។

មិនតែប៉ុណ្ណោះ គ្រូបង្គោលរបស់ FTC បានបញ្ជាក់បន្ថែមម្ដងហើយម្ដងទៀតថា ការសរសេរពីរឿងអ្វីមួយត្រូវនិយាយពីរឿងមួយដល់ចុងបញ្ចប់ ដោយមិនត្រូវធ្វើឲ្យបែកប្រធានបទ ឬមុំរបស់អត្ថបទឡើយ។ ក្រៅពីការសរសេរព័ត៌មាន ពិធីករ ដែលជាអ្នកនិយាយផ្ដើមព័ត៌មានក៏ជាផ្នែកសំខាន់ដែរ សម្រាប់ការផ្សាយទូរទស្សន៍។

ក្នុងនាមជាគ្រូបណ្ដុះបណ្ដាល និងជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) លោក ម៉ារ យ៉ារិទ្ធ បានពន្យល់ថា៖ «MC ត្រូវខ្លីខ្លឹម និងមានន័យគ្រប់គ្រាន់ មិនច្រើនជាង ២កថាខណ្ឌ ព្រោះទូរទស្សន៍មិនអាចឲ្យអ្នកស្ដាប់អាចត្រឡប់មកអានឡើងវិញដូចកាសែតឡើយ។ ដូច្នេះ MC ត្រូវប្រាកដថា និយាយមិនលឿនពេក ឬនិយាយមិនច្បាស់ឡើយ»

សូមបញ្ជាក់ដែរថា ថ្នាក់សិក្សារបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News វគ្គ២នេះ មានរយៈ៣ខែ ដោយសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

បើទោះជាស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី ក៏វគ្គសិក្សានៅតែដំណើរការជាធម្មតា តាមគន្លងថ្មី ជាមួយនឹងការអនុវត្តវិធានការសុខាភិបាល។ វគ្គសិក្សានេះ ទទួលបានចំណាប់អារម្មណ៍ពីសិក្ខាកាមយ៉ាងផុសផុលលើមេរៀនដែលបានសិក្សា។ ស្របជាមួយថ្នាក់រៀនដែលបានគិតគូរអំពីសុវត្ថិភាពរបស់សិក្ខាកាមដោយមានការរក្សាគម្លាតសុវត្ថិភាព វាស់កម្ដៅ និងបាញ់អាកុលមុនចូលរៀនថែមទៀតផង។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334