(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកទឹកចិត្តឱ្យយុវជនយកវេទិកា ស.ស.យ.ក. ដើម្បីហ្វឹកហាត់សមត្ថភាពការងារជាក់ស្តែង ដើម្បីក្លាយជាអ្នកដឹកនាំដ៏មានសក្តានុពល សម្រាប់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានឱ្យដឹងថា វេទិការបស់ ស.ស.យ.ក.ទាំងអស់នេះ ក៏ជាទីកន្លែងមួយសម្រាប់ការពិចាណារ និងពិភាក្សានៃទស្សនជាតិជាប្រចាំថា តើខ្មែរចង់បានអ្វីសម្រាប់អនាគត? ខ្មែរត្រូវធ្វើអ្វីដើម្បីអនាគត? ខ្មែរត្រូវត្រៀមលក្ខណៈ និងការលះបង់ដូចម្តេចខ្លះជាមួយអ្វីដែលយើងកំពុងមានដើម្បីអនាគត?។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា យុវជន គឺជាសសរទ្រូងដ៏រឹងមាំ និងជាធនធានមនុស្សដ៏មានសក្តានុពលដែលមិនអាចខ្វះបាន ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ។

លោកបានបន្តថា ស្ថិតក្នុងបរិការណ៍នេះ ស្របតាមបេសកកម្ម និងបុព្វហេតុរបស់ខ្លួន ស.ស.យ.ក តែងតែផ្តល់ឱកាស និងប្រមូលផ្តុំកម្លាំងយុវជនគ្រប់ទិសទីដើម្បីរួមគ្នាក្នុងការកសាងសង្គមកម្ពុជាមួយឯករាជ្យ អធិបតេយ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍនៅលើគ្រប់វិស័យ។ យុវជនជាសរសៃឈាមដ៏រស់រវើក និងរឹងមាំក្នុងការបន្តដំណើរលើមាគ៌ារួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ុន ម៉ានី មានមោទនភាព ក្នុងនាមជាសមាជិកមួយរបស់ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយលោកលើកឡើងថា «បើគ្មានសហភាពសហព័ន្ធយុវនកម្ពុជា ឬអាចនិយាយបានថាជាសកលវិទ្យាល័យ នៃការអនុវត្តន៍ និងសិក្សានៃការងារតាមរយៈការដឹកនាំស្ថាប័ន ការធ្វើការងារមហាជន តែការរៀបចំព្រឹត្តិការណ៍ ដកស្រង់បទពិសោធន៍នៃការរៀបចំព្រឹត្តិការណ៍ជាពិសេសលើចំំណុចណាដែលយើងជួបប្រទះប្រឈមហើយមិនជោគជ័យ ប្រហែលជាគ្មាន ហ៊ុន ម៉ានី នៅក្នុងថ្ងៃនេះនោះទេ»

សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី បានក្លាយជាសមាគមដ៏ធំបំផុតរបស់យុវជន នៅក្នុងប្រទេសកម្ពុជាដោយបានពង្រីកសមាជិក ជិត២សែននាក់ នៅទូទាំងប្រទេស គិតត្រឹមឆ្នាំ២០២១ កន្លង ខណៈដែលសមាគមនេះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍៣៨នាក់ និងមានសមាជិកគណៈកម្មាធិការកណ្តាល១៧១នាក់៕