(បន្ទាយមានជ័យ)៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ ទៅជូនប្រជាពលរដ្ឋនៅឃុំស្វាយចេក ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាត។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្វាយចេក ដែលមានការចូលរួមពី លោក ដា ទឹង ក្រុមប្រឹក្សាស្រុកស្វាយចេក, លោក លឿង សុភក្តិ អភិបាលស្រុកស្វាយ លោក លោកស្រីប្រធាន អនុប្រធាន បក្សឃុំ លោក លោកសមាជិកបក្សភូមិ និងលោក លោកស្រីប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំជាច្រើននាក់។

អំណោយដែលនាំយកមកចែកជូនថ្ងៃនេះ រួមមាន អង្ករ ចំនួន៥០គីឡូក្រាម, មី ចំនួន១កេស, ត្រីខ ចំនួន១យួរ, ទឹកត្រី ចំនួន១យួរ, ទឹកស៊ីអ៉ីវ ចំនួន១យួរ, ទឹកសុទ្ធ ចំនួន២យួរ និងថវិកា៥០,០០០រៀល។

ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បាននាំការសួរសុខរបស់ថ្នាក់ដឹកនាំចំពោះ សមាជិក សមាជិកបក្ស បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកគ្រប់ផ្នែកពាក់ព័ន្ធបានធ្វើឲ្យគណបក្សប្រជាកម្ពុជា រីកចម្រើនទាំងការដឹកនាំ ការងារនយោបាយ ការកសាងសមិទ្ធផលនានា ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ។

ទន្ទឹមគ្នានោះ លោកក៏បានក្រើនរំលឹកដល់សមាជិក សមាជិកការបក្ស ត្រូវជំរុញដល់ប្រជាពលរដ្ឋត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា ជៀសវាងយឺតយ៉ាវ បាត់សិទ្ធិមិនបានចូលរួមបោះឆ្នោត និងបានណែនាំឲ្យបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ១៩៕