(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន សម្រេចបាននូវសមិទ្ធផលការងារជាច្រើន តែនៅមានបញ្ហាប្រឈមជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ដែលទាមទារឲ្យក្រុមការងារទាំងអស់រួមគ្នាពុះពារ និងប្តេជ្ញាខ្ពស់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ បានបង្កើតក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ និង អភិវឌ្ឍនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្រុមការងារថ្នាក់ជាតិនីមួយៗ មានសមាជិកប្រមាណ៣០រូប ហើយដឹកនាំដោយមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល។
ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាននាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន បានដោះស្រាយ ទុក្ខកង្វល់ សំណើ និងសំណូមពរ ជូនប្រជាពលរដ្ឋតាមរយៈការបង្កើតវេទិកាសាធារណៈ។ ក្រុមការងារក៏បានផ្សព្វផ្សាយនូវសមិទ្ធផលនានា ជូនប្រជាពលរដ្ឋឲ្យបានជ្រាបផងដែរ។
បើតាមសម្តេចក្រឡាហោម ស ខេង ក្រុមការងារបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយប្រើប្រាស់ «វប្បធម៌ចែករំលែក» បរិច្ចាគ មធ្យោបាយ ធនធានផ្ទាល់ខ្លួន និងកៀងគរសប្បុរសជននានា ដើម្បីចូលរួមកសាងសមិទ្ធិផលសង្គមជាច្រើននៅមូលដ្ឋាន និងបានជួយឧបត្ថម្ភដល់ ប្រជាពលរដ្ឋជួបប្រទះគ្រោះធម្មជាតិ គ្រោះថ្នាក់ផ្សេងៗក្នុងសង្គម និង ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជាច្រើន និងមានការងារ និងសមិទ្ធិផលជាច្រើនទៀត ដែលក្រុមការងារបានរួមគ្នាដោះស្រាយ។
សម្តេច ស ខេង បានគូសបញ្ជាក់ និងរំលឹកទៅកាន់ក្រុមការងារ ដែលបានចូលរួមក្នុងកិច្ចប្រជុំថា បើទោះបីសមិទ្ធផលជាច្រើនត្រូវបានសម្រេច តែនៅមានបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋជាច្រើនទៀត ទាមទារឲ្យរួមគ្នាដោះស្រាយ។
សម្តេចក្រឡាហោម បានបញ្ជាក់ដូច្នេះ «ទន្ទឹមនិងកិច្ចខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលខាងលើនេះ ក៏នៅមានសេសសល់ បញ្ហាប្រឈមនានាជាច្រើនទៀត ទាំងបញ្ហាប្រឈមក្នុងរបៀបរបបបំពេញការងារ របស់ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបញ្ហាប្រឈម ទុក្ខកង្វល់ សំណើ សំណូមពរនានា ដែលប្រជាពលរដ្ឋបានលើកឡើងតាមមូលដ្ឋាននានា ដែលទាមទារត្រូវមានដំណោះស្រាយឲ្យបានសមស្រប»។
សម្តេចក្រឡាហោម ស ខេង បានរំពឹងថា តាមរយៈកិច្ចប្រជុំនាព្រឹកនេះ ក្រុមការងារថ្នាក់ជាតិទាំងអស់ នឹងរិះរកវិធានការ ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពុះពារដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលបានឯកភាពគ្នា គឺ «ត្រូវរួមគ្នាខិតខំកសាងអំពើល្អ ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើរទន្ទឹមការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»៕