(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន១១៩នាក់ នៅអគារនវានុវត្ត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ថ្លែងក្នុងពិធីនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានសម្តែងនូវការអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ រួមជាមួយគ្រួសារ អាណាព្យាបាល ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់សាស្ត្រាចារ្យ និងការខិតខំសិក្សារបស់និស្សិត ក្នុងរយៈពេល៤ឆ្នាំកន្លងមក រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីសម្របខ្លួននឹងការវិវត្តឥតឈប់ឈរនៃពិភពលោក ហើយត្រូវធ្វើខ្លួនជាយុវជនគម្រូ រស់នៅដោយមានសីលធម៌ និងសុជីវធម៌ខ្ពស់ បំពេញការងារដោយមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ។

សូមជម្រាបជូនថា យោងតាមការសិក្សារបស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និស្សិតដែលបានបញ្ចប់ការសិក្សាមានជាង ៩៥% ទទួលបានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួនជាមួយក្រុមហ៊ុនល្អៗ ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល ក៏ដូចជាធុរកិច្ចថ្មីឌីជីថល ហើយមាននិស្សិតមួយចំនួនបានទទួលអាហារូបករណ៍សិក្សាបន្តនៅបរទេសផងដែរ និងខ្លះទៀតចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

ក្នុងអំឡុងពេលសិក្សានិស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល តែងតែបានចុះធ្វេីកម្មសិក្សាផ្ទាល់តាមក្រុមហ៊ុន ចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិ ហើយទទួលបានជោគជ័យជាបន្តបន្ទាប់៕