(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM ក្រោមអធិបតីភាព លោកប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមសរុប ចំនួន៣៧៧ រូប រួមមាន មន្ត្រីជំនាញ នៃអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងមកពី សមាគម និងអង្គការមិនមែន័រដ្ឋាភិបាលក្នុងស្រុកចំនួន១៤៧ផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងបញ្ជ្រាបយល់ដឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ធានាចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីបំពេញកាតព្វកិច្ចតាមសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ និងក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force - FATF) ក្នុងការចូលរួមការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យឱ្យមានប្រសិទ្ធភាព។

សិក្ខាសាលាបានចែករំលែកនូវខ្លឹមសារ នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ផ្ដោតលើការគេចវេសនិងទោសប្បញ្ញត្តិ និងការអនុវត្តសេចក្តីសម្រេច ចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ ទន្ទឹមនេះសិក្ខាកាមក៏បានពិភាក្សា ផ្លាស់ប្ដូរយោបល់លើខ្លឹមសារច្បាប់ និងក្របខណ្ឌគតិយុត្ត នីតិវិធី នៃការអនុវត្តច្បាប់ និងការបំពេញកាតព្វកិច្ចជា បុគ្គលរាយការណ៍។

ជាលទ្ធផល សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ បានយល់ដឹងអំពីខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ពិសេសបែបបទនីតិវិធី នៃការអនុវត្ត និងកាតព្វកិច្ច នៃស្ថាប័នត្រួតពិនិត្យ បុគ្គលរាយការណ៍ដូចចែងក្នុងបទប្បញ្ញត្តិច្បាប់ជាធរមាន ព្រមទាំងបានលើកទឹកចិត្តដល់សិក្ខាកាមឱ្យជួយ ផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយដល់សហការី និងសាធារណជន សំដៅចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕