(គូឡាឡាំពួរ)៖ ក្រុមស្វែងរក ឧទ្ធម្ភាគចក្ររបស់អនុរដ្ឋមន្ត្រី និង សមាជិកសភា របស់ម៉ាឡេស៊ី ដែលបានបាត់ដំណឹង កាលពីយប់ ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះបានប្រកាសថាពួកគេបានរកឃើញ បំណែកនៃឧទ្ធម្ភាគចក្រដែលមានមនុស្សជិះ ០៦នាក់នោះហើយ ប៉ុន្តែគេនៅមិនទាន់ដឹងថាតើ ជោគវាសនារបស់មន្ត្រីទាំងនោះ ទៅជាយ៉ាងណានៅឡើយទេ។ នេះបើតាមការចេញផ្សាយមុន នេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានប្រកាសនៅព្រឹកថ្ងៃសុក្រ នេះទៀតថា ឧទ្ធម្ភាគចក្រខាងលើនេះ បាត់ដំណឹង នៅក្នុងតំបន់ Sarawak ហើយបំណែកមួយ របស់វាត្រូវបានគេប្រទះឃើញនៅក្បែរដងទន្លេ Batang Sadong ភាគខាងកើត ប្រទេស ម៉ាឡេស៊ី ដែលនាំឲ្យគេព្រួយបារម្ភថា ឧទ្ធម្ភាគចក្រទំនងជាបានធ្លាក់ចូលទន្លេទៅហើយ។
គួរបញ្ជាក់ថាមន្ត្រីសំខាន់ៗនៅក្នុងឧទ្ធម្ភាគចក្រខាងលើនេះគឺ អនុរដ្ឋមន្ត្រីផ្នែក ដំណាំឧស្សាហកម្ម និងទំនេញ លោកស្រី Noriah Kasnon និងស្វាមីលោក Asmuni Abdullah, សមាជិកសភាមកពី រដ្ឋ Kuala Kangsar លោក Wan Mohammad Khairil ព្រមជាមួយនឹងកង សន្តិសុខផ្ទាល់ខ្លួន របស់មន្ត្រីទាំងនោះសរុបមានទាំងអស់ ០៦នាក់។ រហូតមកដល់ពេលនេះក្រុមសង្គ្រោះនៅតែបន្ត ស្វែងរកឧទ្ធម្ភាគចក្រ នៅឡើយ៕