(ភ្នំពេញ)៖ លោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ និងជាអភិបាលខណ្ឌ បានចាត់ឱ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលួចបើកល្បែង១កន្លែង ដោយក្នុងប្រតិបត្តិការនេះ ដកហូតបានទូរហ្គេមបាញ់ត្រី១គ្រឿង និងកុំព្យូទ័រ២គ្រឿង ខណៈអ្នកមើលការខុសត្រូវ និងអ្នកលេងរត់បាត់ខ្លួនអស់។

ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងល្បែង១កន្លែង របស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យមានប្រសិទ្ធភាពលើការអនុវត្តគោល នយោបាយភូមិ-សង្កាត់មាន សុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីអនុប្រធានការិយាល័យជំនាញ កម្លាំងនគរបាលប៉ុស្ដិ៍-ខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ និងប្រជាការពារផងដែរ ក្រោយពីកន្លងមករដ្ឋបាលខណ្ឌ បានទទួលសេចក្ដី រាយការណ៍ ពីបណ្ដាញសារព័ត៌មាន និងប្រជាពលរដ្ឋស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

បើតាមលោក ស៊ូ សារ៉ាត់ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការលបឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបញ្ជូនវត្ថុតាងពាក់ព័ន្ធបទល្មើសមានទូរហ្គេមបាញ់ត្រី១គ្រឿង និងកុំព្យូទ័រ២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តនិតិវិធី៕