(កោះកុង)៖ សមាជិកអតីតគណបក្សសង្រ្គោះជាតិ ចំនួន១០៧នាក់ បានស្ម័គ្រចិត្តចូលរួមរស់ជាមួយជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ការប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព អ្នកឧកញ៉ា លី សាម៉េត តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

អ្នកឧកញ៉ា លី សាម៉េត បានធ្វើការសំណេះសំណាជាមួយសមាជិក សមាជិកា មកពីអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងទៀត ក្នុងខេត្តកោះកុង ចំនួន១០៧រូប ដែលស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែប្រសើរឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ថា ការចូលមករួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួកក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។

ផ្ទុយទៅវិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនប្រជាពលរដ្ឋជានិច្ច និងមិនដែលរត់ចោលប្រជាពលរដ្ឋឡើយនោះទេ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

លោកឧកញ៉ា បានបញ្ជាក់ទៀតថា «យើងមានសន្តិភាព ស្ថេរភាព យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជួបវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។ លោកឧកញ៉ា បានអំពាវនាវដល់សមាជិកបក្សទាំងចាស់ទាំងថ្មីត្រូវរួមគ្នាថែរក្សាសន្តិភាព ឲ្យបានដាច់ខាតដោយមិនត្រូវឲ្យជនអគតិណាមួយមកបំផ្លាញបានឡើយ។

តំណាងអតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមស្ម័គ្រចិត្តរស់ជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា ដើម្បីឆ្លើយតបនូវគុណូបក្ការៈដ៏ថ្លៃថ្លា យើងខ្ញុំសូមប្ដេជ្ញា ជានិច្ចកាលស្មោះត្រង់ជាមួយគណបក្ស ប្រជាជនកម្ពុជា, ខិតខំប្រឹងប្រែងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតស្របតាមលក្ខន្តិកៈការណែនាំ និងគោលនយោបាយរបស់គណបក្ស, ខិតខំរៀនសូត្រនូវបទពិសោធន៍ល្អៗ របស់ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ព្រមទាំងចូលរួម យ៉ាងសកម្មដើម្បីចូលរួមអនុវត្តការងារជូនបក្ស និងខិតខំពង្រឹង ថែរក្សាសាមគ្គីភាពផ្ទៃក្នុងបក្សឲ្យបានរឹងមាំ និងសហការឲ្យបានល្អជាមួយថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់ និងសន្យាថា មិនជឿលើការញុះញ៉ុងរបស់គណបក្សផ្សេងទៀតឡើយ៕