(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេច ដល់ការលំបាករបស់បងប្អូន ដែលជានិច្ចកាលសម្តេចបានផ្តាំផ្ញើរឲ្យ អជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងរាយការណ៍អំពីបញ្ហា ការលំបាក និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ចាស់ជរា និងអ្នកជួបគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នានេះ លោកអភិបាល ក៏បានពាំនាំការយកចិត្តទុកដាក់របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ផងដែរ។ លោកប្រធានកិតិ្តយសក៏បានផ្តាំផ្ញើរ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត អនាម័យការរស់នៅ ដើម្បីឲ្យមានសុខភាពល្អ រស់នៅបានយូរអង្វែង ជាពិសេសដោយសាររដូវនេះមានសភាពក្តៅខ្លាំង សូមបងប្អូនរក្សាទឹកទុកសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ជៀសវាងការខ្វះខាត ហើយប្រសិនបើមានបញ្ហាខ្វះខាតទឹក សូមរាយការណ៍បន្ទាន់មកអជ្ញាធរ ដើម្បីយើងចាត់វិធានការបានទាន់ពេលវេលា។
អំណោយដែលត្រូវយកទៅចែកជូនប្រជាពរដ្ឋក្រីក្រទាំង ២០គ្រួសារ រួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត០១កញ្ចប់ (មុង១+ ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល៕