(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលប្រមាណ១៨នាទី ក្រោមចំណងជើងថា «ពេលឃើញសង្គ្រាមទើបយល់អត្ថន័យ«អរគុណសន្តិភាព»

វីដេអូនេះ បានបង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅ និងសារៈសំខាន់បំផុតនៃសន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន។

ខណៈដែលមនុស្សពាសពេញសាកលលោកបាននិងកំពុងតាមដានសង្គ្រាមនៅអ៊ុយក្រែន ម្នាក់ៗសុទ្ធតែមានអារម្មណ៍សង្វេគ និងអាណិតអាសូរជាពន់ពេកដល់ប្រជាពលរដ្ឋអ៊ុយក្រែន ជាពិសេស ស្ត្រីមនុស្សវ័យចំណាស់ និងកុមារដែលរត់ភៀសខ្លួនពីសង្គ្រាមយ៉ាងប្រសេកប្រសាច ដែលជាសោកនាដកម្មនៃសង្គ្រាមដែលបានបង្ហាញជារៀងរាល់ថ្ងៃ។

អគារខ្ពស់ៗ ផ្ទះសម្បែង ហាងទំនិញ ព្រលានយន្តហោះ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានឆាបឆេះ និងបំផ្លាញដោយសារគ្រាប់មីស៊ីល។ ជីវិតទាហាន និងពលរដ្ឋសាមញ្ញត្រូវបានសម្លាប់យ៉ាងអណោចអធម។ ប្រឈមមុខនឹងសោកនាដកម្មអស់ទាំងនេះ ទីបំផុតប្រធានាធិបតី អ៊ុយក្រែនខ្លួនឯងផ្ទាល់ក៏បានប្រកាស រកសន្តិភាពនិងចាត់ទុកសន្តិភាពថា ពិតជាសំខាន់ណាស់សម្រាប់ប្រទេសនិងប្រជាពលរដ្ឋរបស់ខ្លួន។

មកដល់ចំណុចនេះ យើងពិតជាអាចយល់បានដោយគ្មានអ្វីគួរអោយសង្ស័យបន្តិចណាឡើយថា សន្តិភាព គឺពិតជាមានតម្លៃជាសាកលមួយដែលមនុស្សជាតិ នៅជុំវិញពិភពលោកពិតជាប្រាថ្នាចង់បាន។ សន្តិភាពពិតជា មានតម្លៃមិនអាចយកអ្វីមកប្រៀបបានឡើយ។

នេះហើយជាហេតុផលដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងផ្តល់តម្លៃយ៉ាងខ្លាំងបំផុតដល់សន្តិភាព និងពិតជាអរគុណយ៉ាងខ្លាំងដល់ស្ថាបនិកសន្តិភាពនៅកម្ពុជា។
ប្រជាពលរដ្ឋខ្មែរភាគច្រើននៅចងចាំយ៉ាងច្បាស់អំពីការបញ្ចប់សង្គ្រាមនៅកម្ពុជានៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញពេញផ្ទៃប្រទេស។

ការដង្ហោយហៅសន្តិភាពក្នុងពេលដែលភ្លើងសង្គ្រាមកំពុងឆាបឆេះ គឺជារឿងហួសពេលដ៏គួរឲ្យសោកស្តាយបំផុត ហើយបើនិយាយអោយទូលាយជាងនេះទៅទៀត គឺ «នៅពេលឃើញសង្គ្រាមទើប យល់អត្ថន័យ «អរគុណសន្តិភាព»។ នៅពេលឃើញសង្គ្រាម ទើបយើងដឹងគុណស្ថាបនិកសន្តិភាព គឺតេជោសែន ដែលប្រជាពលរដ្ឋខ្មែរ នៅតែបន្តគោរពស្រឡាញ់ គាំទ្រ និងជឿជាក់ក្នុងការការពារ និងថែររក្សាសន្តិភាពដែលរកបានដោយលំបាកឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្ត។

សូមទស្សនាវីដេអូ៖