(ព្រះវិហារ)៖ ផ្ទះ១ខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះប្រគល់ជូនអតីតយុទ្ធជនមុខសញ្ញាពិការម្នាក់ និងក្រុមគ្រួសារ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា ក៏ដូចជាលោក ប្រាក់ សុវណ្ណ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា នៅខេត្តព្រះវិហាររបស់យើង។

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងអំណរគុណដល់ក្រុមការងារយោធាខេត្ត ក្រុមការងារ ស.អ.ក.ខេត្ត អនុប្រធាន ស.អ.ក.ស្រុក និងអាជ្ញាធរមូលដ្ឋាន រួមជាមួយ ប្រជាពលរដ្ឋ ប្រមាណ៩០នាក់ ដែលបានចុះជួយលើក ផ្ទះ១ខ្នង ជូនអតីតយុទ្ធជនរបស់យើងនៅពេលនេះ។

អតីតយុទ្ធជនដែលទទួលបានផ្ទះ១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ មានឈ្មោះ យឹម ចិន្តា អាយុ៤៧ឆ្នាំ មុខសញ្ញាពិការ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងប្រពន្ធឈ្មោះ មិញ សារ័ត្ន អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ។ ផ្ទះដែលធ្វើជូនមានទំហំ ៤x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ១០,៨០០,០០០រៀល ជាថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន៕