(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានជំរុញឲ្យសមត្ថកិច្ចនគរបាលបន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឱ្យសក្កិសមជាអ្នកបម្រើប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះ បានធ្វើឡើងនូវក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប៉ុស្តិ៍រដ្ឋបាលមហាខ្ញូង និងប៉ុស្តិ៍រដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាល ស្រុកកោះសូទិន។

លោក អ៊ុន ចាន់ដា បានបន្ដថា បន្ទាប់ពីទទួលបានប៉ុស្តិ៍រដ្ឋបាលថ្មី សូមស្នើដល់សមត្ថកិច្ចនគរបាល ត្រូវខិតខំបន្តធ្វើការ ងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាបម្រើសេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋ មានទំនុកចិត្តមកលើសមត្ថកិច្ចយើង ដែលជាមន្ត្រីនគរបាលយុត្តិធម៌។ ត្រូវខិតខំសម្របសម្រួលបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ពេលពួកគាត់មកទទួលសេវាផ្សេងៗ។ និងត្រូវបន្តពង្រឹងសមត្ថភាពក្នុងការបំពេញការងារប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវរួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយ ប្រសិទ្ធភាព។

លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមជាមួយនឹង រដ្ឋបាលខេត្ត ទៅបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជាការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសធនធាន ធម្មជាតិ ល្បែងស៊ីសង និងបានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លើសពីនេះ សម្រាប់ខេត្តកំពង់ចាម ក្នុងចលនាប្រឡងប្រណាំងភូមិ ឃុំមានសុវត្ថិភាព ទទួលបានជ័យលាភីលេខ១ នៃប៉ុស្តិ៍រដ្ឋបាលទាំង ១០៩ នៃឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាមតែម្តង សម្រាប់ឆ្នាំ២០២១ ។

បន្ថែមពីនេះទៀត លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីការពារតំណែងជ័យលាភីលេខ១ នេះ ឱ្យបានតទៅមុខទៀត ដូច្នេះនគរបាលយុត្តិធម៌ អាជ្ញាធរភូមិ ឃុំ ត្រូវខិតខំបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត មកលើសមត្ថកិច្ចរបស់យើង៕