(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. លោក លោកស្រីជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន សរុបចំនួនជាង ៤០០រូប នាសណ្ឋាគារសុខាភ្នំពេញ។

លោក ស សុខា បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលក្រុមប្រឹក្សាខិតខំសម្រេចបាននៅក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីជាប្រទេសកម្ពុជាបានរងឥទ្ធិពល នៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

លោក ស សុខា បានឱ្យដឹងថា អង្គសន្និបាតបានបែងចែកជាក្រុម ដើម្បីពិភាក្សាលើប្រធានបទ០៤ រួមមានទី១៖ ការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា, ទី២៖ ការចូលរួមរបស់យុវជននៅក្នុងការងារនយោបាយ ការដឹកនាំ និងការអភិវឌ្ឍប្រទេសជាតិ, ទី៣៖ ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងទី៤៖ ការជំរុញនិងលើកទឹកចិត្តយុវជនឱ្យចូលរួមក្នុងសកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

បើតាមលោក ស សុខា បានបញ្ជាក់ថា ជាលទ្ធផលរួមបានរកឃើញនូវគន្លឹះមួយចំនួនបន្ថែមទៀត ដើម្បីអភិវឌ្ឍក្រុមប្រឹក្សាគ្រឹះស្ថានឧត្ដមសិក្សា និងសារៈសំខាន់របស់យុវជនក្នុងការចូលរួមសកម្មភាពសង្គម នយោបាយ ដើម្បីក្លាយជាយុវជនបន្តវេន តាមយន្តការជាសារវ័ន្តក្នុងការអភិវឌ្ឍខ្លួនស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល ដោយភ្ជាប់ខ្លួនជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាមជ្ឈមណ្ឌលពហុជំនាញជាបង្អែកតែមួយគត់របស់យុវជន។

សូមបញ្ជាក់ សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេចបង្កើតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានភារកិច្ចកសាងកម្លាំងយុវជន ធ្វើចលនាប្រមូលផ្តុំយុវជនដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តម សិក្សារដ្ឋ និងឯកជន ដើម្បីចូលរួមចំណែកជួយសង្គមជាតិ និងប្រជាពលរដ្ឋ បណ្តុះមនសិការស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ និងគោរពច្បាប់ មានអាកប្បកិរិយា និងសីលម៌ល្អ ស្វែងរកនិងផ្តល់ផលប្រយោជន៍ជូនយុវជនដូចជាការបណ្តុះបណ្តាលជំនាញ ការដោះស្រាយបញ្ហាយុវជន ការជួយរកការងារ និងអាហារូបករណ៍ជូនយុវជន ព្រមទាំងសកម្មភាពមួយចំនួនទៀតដើម្បីអភិវឌ្ឍយុវជន និងរួមចំណែកក្នុងកិច្ចការបំរើជាតិមាតុភូមិ៕