(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធការវិនិយោគ បានចេញសេចក្តីជូនដំណឹង ស្តីពី «វិធានការគ្រប់គ្រង ការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀន នៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា»។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងស្មារតីពង្រឹងការ គ្រប់គ្រងលើការប្រើប្រាស់នូវសារធាតុគីមី ដែលអាចផ្សំជាគ្រឿងញៀន ឲ្យបានត្រឹមត្រូវតាមមុខសញ្ញាប្រើប្រាស់ពិតប្រាកដ សាមីក្រុមហ៊ុនទាំងអស់ត្រូវ។

១៖ គ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន សម្រាប់ប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង ស្តង់ដារប្រើប្រាស់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាំស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

២៖ ប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ឲ្យចំតាមគោលដៅដែលខ្លួនបានស្នើសុំ និងហាមលក់ដូរ ឬធ្វើអាជីវកម្មបន្តទៅឲ្យក្រុមហ៊ុនដទៃទៀត។

៣៖ មានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ផ្នែកគីមី ដើម្បីគ្រប់គ្រង និងបញ្ហាប្រើប្រាស់សារធាតុគីមី ដែលអាចផ្សំជាគ្រឿងញៀន សម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

៤៖ មានការកត់ត្រាច្បាស់លាស់អំពីបរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់នូវ
សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវ។

៥៖ ធ្វើរបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ អំពីការនាំចូលនាំចេញ និងការប្រើប្រាស់សារធាតុគីមី ដែលអាចផ្សំជាគ្រឿងញៀន ជូនក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា សាមីក្រុមហ៊ុននឹងត្រូវប្រឈម នឹងការបាត់បង់ការលើកទឹកចិត្ត ព្រមទាំងប្រឈមនឹងទោសទណ្ឌផ្សេងៗទៀត ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមិនគោរព ឬគោរពមិនបានត្រឹមត្រូវ តាមការណែនាំដូចរៀបរាប់ខាងលើនេះ៕