(ស្វាយរៀង)៖ គ្រោះធម្មជាតិភ្លៀងលាយខ្យល់យ៉ាងខ្លាំង ដែលហៅថា ខ្យល់កន្រ្តាក់នោះកើតឡើងនៅលើទឹកដីខេត្តស្វាយរៀង នារសៀល និងល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ បានបំផ្លាញផ្ទះ និងប៉ះពាល់ផ្ទះ ប្រជាពលរដ្ឋ ចំនួន១៥៣ខ្នងរបួសមនុស្សម្នាក់ ព្រមទាំងរន្ទះបាញ់គោ ងាប់មួយក្បាល និងក្របី២ក្បាល។
មេបញ្ជាការរង អ.ហ ខេត្តស្វាយរៀង លោក នុត ន្ទ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះថា «រសៀលថ្ងៃ ០៥ ខែឧសភា នៅទូទាំងខេត្តស្វាយរៀង មានភ្លៀងធ្លាក់ ៦៣ឃុំ-សង្កាត់ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ ៤៥ខ្នង របើកដំបូល១០៨ខ្នង ដងទង់២ ស្លាកគណបក្សប្រជាជន២ ស្លាកគណបក្សសង្គ្រោះជាតិ៣ របើកដំបូលផ្ទះបាយ១ ដំបូលជង្រុកស្រូវ ១ដំបូលកីឡាដ្ឋានខេត្ត១ សាលារៀន១ រោងកិត្តិយស១» ។
លោកបានបន្តទៀតថា ក្រោយមានគ្រោះធម្មជាតិនេះកើតឡើង នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សៅ សុខា និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចាត់តាំងកំលាំងនិងប្រគល់ភារកិច្ច ជួយប្រជាពលរដ្ឋ រងគ្រោះដោយ ប្រើប្រាសកំលាំងសរុប ៨៨នាក់មានដូចជាក្រុមទី១ មាន ៣១ នាក់ដឹកនាំដោយលោកផ្ទាល់ ជួយស្រុកស្វាយជ្រំ ក្រុមទី២ មាន៣២ នាក់ដឹកនាំដោយលោក ញុង សំអឿន មេបញ្ជាការរងអ.ហខេត្តជួយស្រុករំដួល និងក្រុមទី៣ មាន ២៥ នាក់ដឹកនាំដោយលោក ផាន រតនា មេបញ្ជាការរងអ.ហខេត្ត ជួយក្រុងស្វាយរៀង ជួយរុះរើ និងជួយជួសជុសសំរួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញ ដោយសហការជាមួយកម្លាំងនគរបាលនិងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
នៅរសៀលម្សិលមិញ នៅពេលមានខ្យល់កន្រ្តាក់នេះកើតឡើង បានបណ្តាលឲ្យដំបូលពហុកីឡដ្ឋាន ខេត្ត របើកទាំងផ្ទាំងៗ តែម្តង តែក្រោយកើតហេតុ អភិបាលខេត្ត លោក ម៉ែន វិបុល បានដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ភ្លាមៗ តែម្តង៕