(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្តេចនឹងសម្រាកលម្ហែនៅខេត្តព្រះសីហនុ ហើយនឹងមុជទឹកសមុទ្រលេងកម្សាន្តនៅខេត្តនេះ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន រួមជាមួយលោកទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៤ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់កម្ពុជា ឆ្នាំ២០២២នេះ គឺនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ខណៈដែលប្រទេសឡាវបានប្រកាសថាមិនប្រារព្ធបុណ្យចូលឆ្នាំថ្មីខាងមុខនេះឡើយ។
សម្ដេតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំហ្នឹង ខ្ញុំនិយាយយ៉ាងច្បាស់ហ្មងថា ខ្ញុំនឹងសម្រាកនៅកំពង់សោម (ព្រះសីហនុ) មុជទឹកសមុទ្រ៣ថ្ងៃ៣យប់»។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ភាពស៉ាំក្នុងសហគមន៍ដែលកម្ពុជាបានអនុវត្តត្រឹមត្រូវតាំងពីដើមទីមកនោះ បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែទោះជាយ៉ាងណាសម្ដេចតេជោបានអំពាវនាវដល់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បន្តរក្សាគម្លាត ពាក់ម៉ាស់ លាងដៃ ដើម្បីទប់ស្កាត់បង្ការការចម្លងមេរោគកូវីដ១៩ក្នុងសហគមន៍៕