(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានធ្វើការព្រមានដូចគ្នាថា ពួកគេនឹងប្រឆាំងជាដាច់ខាតចំពោះ ការគ្រោងកសាងរបងបិទព្រំដែនក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត ដើម្បីជាការឆ្លើយតបនឹងវិបត្តិជនភៀសខ្លួន ដ៏ខ្មៅងងឹតនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០១៦។
ការសម្រេចដូចគ្នាខាងលើនេះ បានកើតឡើងបន្ទាប់ពីប្រមុខដឹកនាំប្រទេសអឺរ៉ុបទាំងពីរ បានពិភាក្សារួមគ្នា ហើយក៏ធ្វើការប្រឆាំងចំពោះផែនការដែលប្រទេសអូទ្រីស គ្រោងកសាងរបង នៅតំបន់ព្រំដែរ Brenner Pass ជាមួយនឹងប្រទេសអ៊ីតាលី។ លោក Renzi ថ្លែងដូច្នេះថា «យើង (អ៊ីតាលី) បានសម្តែងនូវការប្រឆាំងយ៉ាងច្បាស់លាស់មួយ ហើយក៏ជាការតក់ស្លុតផងដែរ ចំពោះមិត្តរបស់យើងគឺប្រទេស អូទ្រីស ដែលបានចាត់វិធានការកសាងរបងបិទព្រំដែននោះ»។
ប្រទេសអ៊ីតាលី នឹងអាល្លឺម៉ង់ បានយល់ស្របដូចគ្នាថា ចំណាត់ការរបស់អូទ្រីស ខាងលើនេះគឺ មិនត្រឹមត្រូវ ហើយខុសបែបបទថែមទៀត ព្រោះថាវាមិនមែនជាពេលវេលាប្រកាសអាសន្ន ឬក៏ក្តៅ គគុកខ្លាំងរហូតដល់ថ្នាក់ នាំឲ្យសមាជិកអឺរ៉ុបមួយនេះ ត្រូវចាត់វិធានការកសាងរបងបិទព្រំដែន របស់ខ្លួនជាមួយសមាជិកផ្សេងទៀតឡើយ។
គួរបញ្ជាក់ថាជនភៀសខ្លួនប្រមាណ ២៦,០០០នាក់ទៅហើយ បានមកដល់ប្រទេសអ៊ីតាលី ចាប់តាំងពីឆ្នាំ ២០១៤ មក ហេតុដូច្នេះវាជាកតព្វកិច្ចរបស់ប្រទេសនីមួយៗនៅអឺរ៉ុប ក្នុងការគ្រប់គ្រងពួកគេ ដោយមិនត្រូវធ្វើឲ្យបរាជ័យ ចំពោះគ្នាឯងលើរឿងនេះឡើយ។ នេះបើតាមការថ្លែងរបស់ នាយករដ្ឋមន្ត្រីអ៊ីតាលី៕