
ហួសចិត្ត! ក្រុមចោរប្លន់យកកាបូប ពីម្សិលមិញនៅក្រុងដូនកែវ ស្រាប់តែមកទម្លាក់ចោលនៅកន្លែងដែលប្លន់វិញ
06-05-2016 10:52
(តាកែវ)៖ វាជារឿងនឹកស្មានមិនដល់ដែលលោកចោរចិត្ត ល្អបានយកកាបូបលុយ ដែលបានប្លន់ពីស្រ្តីម្នាក់កាលពីម្សិលមិញ នៅមុខក្រុមហ៊ុន ខេ លីង ស្ថិតនៅភូមិប្រហ៊ួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ យកមកបោះចោលជិតកន្លែងប្លន់វិញ។
លោកវរសេនីយ៍ទោ ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា កាបូបត្រូវក្រុមចោរយកមកផ្លុងចោល នៅខាងលិចក្រុមហ៊ុនខេ លីងប្រមាណពីរម៉ែត្រ ហើយនៅក្នុងកាបូបនោះគេឃើញមានលុយខ្មែរចំនួន៣៣៧០០រៀល លុយដុល្លារ ១ដុល្លា និងទូស័ព្វអិនចុចពិល១គ្រឿង។
ដោយឡែកលុយចំនួនជាង១ម៉ឺនដុល្លារ ដែលស្រ្តីរងគ្រោះថានៅក្នុងកាបូបនោះមិនឃើញមាន នៅក្នុងការបូបវិញនោះទេ។
ឥឡូវនេះសមត្ថកិច្ចជំនាញកំពុងតែយកឧបករណ៍មកពិនិត្យ និងកំពុងតែសើុបអង្កេតស្រាវជ្រាវ បន្ថែមទៀតពីបញ្ហានេះ។
បើតាមសមត្ថកិច្ចខ្លះ និងមហាជនមួយចំនួនបាននាំគ្នាសំដែងការសង្ស័យថា ករណីនេះអាចជារៀបចំឆាកល្ខោន ក្នុងគោលបំណងអ្វីមួយជាក់ជាពុំខានឡើយ ព្រោះវាមិនដែលក្រុមចោរឯណាប្លន់ហើយ ចិត្តល្អយកកាបូបមកបោះចោលឲ្យម្ចាស់វិញនោះទេ។ នេះជាលើកដំបូងហើយ ដែលមានលោកចោរចិត្តល្អបែបនេះ៕