(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ ការដ្ឋានសំណង់មួយកន្លែង ដែលគេដឹងថាជារបស់កូនប្រុសលោកលោកឧត្តមសេនីយ៍ ខ្វាន់ សៀម បានចាប់ផ្តើមការដ្ឋានសំណង់របស់ខ្លួនសារជាថ្មី ដោយធ្វើការបុកគ្រឹះបណ្តាលឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋ នៅក្បែរនោះទទួលរងនូវការខូចខាតប្រេះជញ្ជាំងស្ទើរគ្រប់កន្លែង និងធ្នឹមផងដែរ។
ម្ចាស់ផ្ទះដែលកំពុងទទួលនូវការភ័យខ្លាច សូមអំពាវនាវដល់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជួយចាត់អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌ ឬក្រុង មកចុះឃាត់ការដ្ឋានសំណង់មួយនេះផង បើសិនមិនដូច្នេះទេ ពួកគាត់នឹងមិនអាចរស់នៅក្នុងផ្ទះរបស់ពួកគាត់បានទៀតទេ ដោយសារផ្ទះបានទទួលរងនូវការខូចខាតយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងករណីនេះ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ បានថ្លែងប្រាប់តាមទូរស័ព្ទថា លោកនឹងចុះពិនិត្យ មើលការដ្ឋានសំណង់មួយនេះ ប្រសិនបើនៅតែរឹងរូសបន្តធ្វើទៀត លោកនឹងរឹបអូសសម្ភារៈសំណង់យកមកទុកជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយ ដើម្បីបញ្ចប់ទំនាស់សិនទើបអាចសាងសង់បាន។
កូនឧត្តមសេនីយ៍ ខ្វាន់ សៀម ត្រូវបានគេដឹងថាមានឈ្មោះ សឹង សុជាលី និងប្ដីឈ្មោះ ហ៊ីង ពៅ។ ចំណែកប្រជាពលរដ្ឋ ដែលរងគ្រោះដោយសំណង់នោះមាន២គ្រួសារ ទី១. ឈ្មោះ លោក ព្រហ្ម ធុជថាន្នី ម្ចាស់ផ្ទះលេខ៨៤២E និងទី២. ឈ្មោះ លោក អឿន អៀង ម្ចាស់ផ្ទះលេខ៨៧៤E មានទីតាំងក្នុងក្រុមទី៥ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កន្លងមកនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ លោក តាំង ណារិន ចៅសង្កាត់ទឹកថ្លា ក៏បានជួយអន្តរាគមន៍ដែរ ជាលទ្ធផល កូនលោកឧត្តមសេនីយ៍ បានព្រមព្រៀងជួសជុលផ្ទះរបស់លោក អឿន អៀង ទាំងស្រុង ដោយឡែកផ្ទះរបស់លោក ព្រហ្ម ធុជថាន្នី មិនព្រមទទួលយកការជួសជុលទេ ដោយមូលហេតុផ្ទះរបស់លោក ខូចខាតធ្ងន់ធ្ងរពេក ហើយតម្រូវឱ្យធ្វើថ្មីឡើងវិញ ឬក៏លក់តាមតម្លៃទីផ្សាគឺ មានតម្លៃ៩ម៉ឺនដុល្លារ តែខាងកូនលោកឧត្តមសេនីយ៍ ឱ្យតែ៤ម៉ឺនប៉ុណ្ណោះ៕