(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានរៀបចំការបណ្តុះ បណ្តាលជំហានដំបូងចំនួន៣វគ្គ ស្តីពី «នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» តាមប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាពរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួម ពីអគ្គនាយករង, ថ្នាក់ដឹកនាំ សាលាជាតិគយ លេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យ, និងមន្ត្រីគយនិងរដ្ឋាករនៅទូទាំងប្រទេសសរុបចំនួន ៣០៦នាក់។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីនិងភារកិច្ច របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការចូលរួមអនុវត្តផែនការសកម្មភាពប្រឆាំងការសម្អាតប្រាក់ ដែលបានដាក់ចេញដោយក្រុមការងារត្រួតពិនិត្យរួមគ្នាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) នៃក្រុមការងារហិរញ្ញវត្ថុ (FATF)។
ដើម្បីជំរុញប្រសិទ្ធភាពការងារឆ្លើយតបនឹងផែនការសកម្មភាពនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា មានភាពចាំបាច់ត្រូវរៀបចំបង្កើតនីតិវិធីប្រតិបត្តិស្តង់ដារ និងធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាពដល់មន្ត្រី គយនិងរដ្ឋាករ ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌នៅក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។
នៅក្នុងការបណ្តុះបណ្តាលចំនួន ៣វគ្គ នេះ លោកអគ្គនាយករង សែ សុឃន និងជាប្រធានក្រុមការងារប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម បានធ្វើបទបង្ហាញពន្យល់ដល់អ្នកចូលរួមទាំងអស់ឱ្យមានការយល់ដឹងលើ ប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ (១)សញ្ញាណទូទៅអំពីការសម្អាតប្រាក់, (២)វឌ្ឍនភាពការងារប្រឆាំង ការសម្អាតប្រាក់ និង (៣) នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។
លោកអគ្គនាយករងបានពន្យល់អំពីសារៈសំខាន់ និងសាវតារនៃការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ ដោយអនុលោមតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ, មគ្គទេសក៍របស់អង្គការគយពិភពលោក, មគ្គទេសក៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម, និងឯកសាររបស់ក្រុមការងារហិរញ្ញវត្ថុ។
នីតិវិធីប្រតិបត្តិស្តង់ដារ ជាវិធានផ្ទៃក្នុងមានលក្ខណៈសម្ងាត់វិជ្ជាជីវៈ ដែលណែនាំដល់មន្ត្រីគយនិងរដ្ឋាករពីរបៀបរបបការងារលើ ការកំណត់តម្រុយសង្ស័យ ការស៊ើប អង្កេតស្របសំអាងនៃបទល្មើស ការចាត់វិធានការលើទ្រព្យសម្បត្តិ និងការកសាងសំណុំរឿង បទល្មើសសម្អាតប្រាក់បញ្ជូនទៅតុលាការ។
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនីមួយៗ អ្នកចូលរួមទាំងអស់បានធ្វើស្វ័យវាយតម្លៃនូវកម្រិតយល់ដឹងអំពីនីតិវិធី ប្រតិបត្តិស្តង់ដារ ព្រមទាំងការចូលរួមផ្តល់មតិនានា តាមរយៈកម្រងសំណួរវាយតម្លៃ៕