(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំក្រុមការងារ ឌ «ផ្នែកសំណង់ និងអចលនទ្រព្យ» ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិគ្រោះពិភាក្សាលើបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក្នុងពេលដែលកម្ពុជាប្រឈមនឹងការឆ្លងរាលដាលនៃជំងីកូវីដ-១៩។

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពអ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ ឌ «ផ្នែកសំណង់ និងអចលនទ្រព្យ» ផ្នែកឯកជន ហើយក៏មានការចូលរួមពីសំណាក់បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ ឌ ផ្នែកឯកជន និងវត្តមានឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្រុមហ៊ុនបុរីលំនៅដ្ឋានផ្នែកឯកជន និងសមាជិក-សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរាយការណ៍ជូនដល់អង្គប្រជុំទាំងមូលឲ្យបានជ្រាបអំពីសកម្មភាព និងសមិទ្ធផលសម្រេចបាននាពេលកន្លងទៅរបស់ក្រុមការងារផ្នែកសំណង់និងអចលនទ្រព្យ និងដើម្បីស្វែងរកបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗ ហើយដាក់ជូនអង្គប្រជុំទាំងមូលពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យសំណង់ និងអចលនទ្រព្យ ក្នុងពេលដែលកម្ពុជាប្រឈមនឹងការឆ្លងរាលដាលនៃជំងីកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង។

គោលបំណងកិច្ចប្រជុំនេះដែរក៏ដើម្បីប្រមូលបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជនទាំងនោះ ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខ។

បញ្ហាប្រឈមដែលជាកង្វល់ របស់សមាជិសមាជិការ ក្នុងវិស័យសំណង់គឺ បញ្ហាលំបាកផ្នែកលក់ ក្នុងពេលបច្ចុប្បន្ន ដែលចាប់ពីការរីករាលដាលនៃជំងឺបំផ្លែងថ្មី អូមីក្រុង និងបញ្ហាជាទម្រង់បច្ចេកទេសក្នុងវិស័យសំណង់និងអចលនទ្រព្យ ជាដើម។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង៥៖០០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា៕