(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋជិត៥ពាន់នាក់ រស់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រលោក ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាង៤០០នាក់ ចុះពិនិត្យ និងព្យាបាលជូនដល់ពួកគាត់ ដោយមិនគិតថ្លៃ ដែលជាអំណោយដ៏ប្រពៃសម្រាប់ប្រជាជន ក្នុងខេត្តត្បូងឃ្មុំទាំងមូល។

ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងពេលដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៤៥៩នាក់ ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៤៨៧៩នាក់ នៅវិទ្យាល័យ ហេង សំរិន ចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយបាននាំយកអំណាយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី មកពិនិត្យ និងព្យាបាលជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដោយឥតគិតថ្លៃ។

ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ របស់ក្រុមការងារស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏មានការសហការជាមួយលោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឳ លោក គន់ សុភា អភិបាលរង តំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ឌុង ប្រធាន សសយក ខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តត្បូងឃ្មុំ និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។

ជាមួយគ្នានោះដែរ លោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានការថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសគឺជំងឺកូវីដ១៩ ដោយស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានការ ៣ការពារ ៣កុំ ដែលបានដាក់ឡើង។

លោកក៏បានកោតសើរសើរវាយតម្លៃខ្ពស់ដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រៀបបានដូចមន្ទីរពេទ្យចល័តមួយ ដែលមានគ្រូពេទ្យមានបទពិសោធន៍ល្អ ក្នុងនិងក្រៅប្រទេសមានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរិញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិ និងមាតុភូមិដោយមិនខ្លាចពីការនឿយហត់ឡើយ ។

អភិបាលរងខេត្តរូបនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដែលហេតុតែមួយគឺចង់ឃើញប្រជាពលរដ្ឋមានសុខភាពល្អ។

ឱកាសនោះ លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៤ មីនា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១ នាក់ (បីពាន់ពីររយសាមសិបមួយនាក់) បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន៖ ក្នុងខេត្តត្បូងឃ្មុំ ចំនួន ២៣លើក សរុបបានចំនួន ៣៧៥,៩៩៩នាក់(សាមសិបប្រាំពីរម៉ឺនប្រាំពាន់ប្រាំបួនរយកៅសិបប្រាំបួននាក់) ក្នុងនោះស្រ្តីមានចំនួន១៩៧,៤៩៧នាក់ (ដប់ប្រាំបួនម៉ឺនប្រាំពីរពាន់ បួនរយកៅសិបប្រាំពីរនាក់)»

លោកបន្ថែមថា ក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យព្យាបាលបានចំនួន៥៣៩លើក ក្នុងនោះព្យាបាលជូនប្រជាពលបានចំនួន៥,៧២៨,២៣៥នាក់ (ប្រាំលានចិតសិបពីរម៉ឺនប្រាំបីពាន់ពីររយសាមសិបប្រាំនាក់) ក្នុងនោះស្ត្រីមានចំនួន ៣,០២៧,១៦៣នាក់ (បីលានពីរម៉ឺនប្រាំពីរពាន់មួយរយហុកសិបបីនាក់) ដោយសហការជាមួយអាជ្ញាធរនៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរជុំវិញរាជធានី-ខេត្តដែលពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងក្រុមការងារ។

សូមជម្រាបថា ការពិគ្រោះជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នាថ្ងៃនេះរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

លោក ជុំ ផុន ប្រជាពលរដ្ឋម្នាក់រស់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា រូបគាត់ពិតជាសប្បាយចិត្តពន់ពេក ដោយបានឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកពិនិត្យ និងព្យាបាល ថែមទាំងផ្តល់ជាអំណោយថ្នាំពេទ្យដោយមិនគិតថ្លៃទៀត នេះជារឿងដ៏ល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់រួមទាំងរូបគាត់ផ្ទាល់ផងដែរ។ ក្រៅពីក្រុមការងារក៏បានពន្យល់ណែនាំពីវិធីការពារខ្លួនពីជំងឺកូវីដ១៩បន្ថែមទៀត។

ប្រជាពលរដ្ឋម្នាក់នោះ ក៏បានបន្តទៀតថា «ខ្ញុំសូមសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដោយម្នាក់ៗសុទ្ធតែមានជំនាញច្បាស់លាស់ រួមនឹងសម្ភារបច្ចេកទេសត្រឹមត្រូវ ហើយអាចឆាប់រកមុខជំងឺរបស់ខ្ញុំបានលឿនទៀតផង។ ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យទាំងអស់ឧស្សាហ៍ចុះមកបន្តិច ព្រោះការដែលគាត់ចុះមកនេះ គឺចំណេញខ្លាំងណាស់ដល់ពលរដ្ឋ និងខ្ញុំ ដោយមិនអស់លុយ និងចំណេញពេលវេលាថែមទៀត ក្រៅពីនោះពួកគាត់បានពន្យល់ណែនាំខ្ញុំឲ្យកាន់តែច្បាស់ពីជំងឺវិធីការពារខ្លួនពីជំងឺកូវី១៩ ថែមទៀតផង»

ពលរដ្ឋម្នាក់ទៀតឈ្មោះ រឿង វ៉ាន រស់នៅស្រុកស្រុកអូររាំងឪ ក៏បានលើកឡើងស្រដៀងគ្នានឹងលោក ជុំ ផុន ដែលថា រូបគាត់ពិតជាមានការថ្លែងអំណរគុណជាខ្លាំងដែលលោក ហ៊ុន ម៉ានី បានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត មកពិនិត្យ និងព្យាបាលជូនរូបគាត់ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតផងដែរ។ លើសពីនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពន្យល់នណែនាំក្នុងការការពារពីជំងឺកូវីដ១៩ និងហានិភ័យពីជំងឺកាចសាហាវនេះទៀតផងដែរ។

លោក វ៉ាន ក៏បានស្នើដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ទាំងអស់ឲ្យឧស្សាហ៍ចុះមកស្រុករបស់គាត់ទៀត ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដទៃទៀត ដែលកំពុងមានជំងឺប្រចាំកាយផងដែរ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាថ្ងៃនេះបានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ២៧១នាក់, ជំងឺស្ត្រីចំនួន៖១២៣នាក់, ជំងឺផ្លូវចិត្តចំនួន៖៩២នាក់,ជំងឺឬសដូងបាតចំនួន៖៨៧នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ១០២នាក់, ជំងឺផ្លូវដង្ហើមចំនួន៖៩៤នាក់, ជំងឺទឹកនោមផ្អែមចំនួន៖២៧៥នាក់, អេកូសាស្ត្រចំនួន៖១០១នាក់, ជំងឺបេះដូងចំនួន៖៨៩នាក់, ជំងឺត្រចៀក និងបំពង់ក៖ ២០៧នាក់, ជំងឺវះកាត់តូចចំនួន៖៦៥នាក់, វិភាគឈាម៖២១៨នាក់, ជំងឺទូទៅចំនួន៖២៧៣៨នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៦៨នាក់ សង្គ្រោះបឋមចំនួន៖១៣៦១នាក់៕