(កំពង់ឆ្នាំង)៖ វិធានការដកដីព្រៃលិចទឹកតំបន់៣ របស់រាជរដ្ឋាភិបាល ពីក្រុមជនទុច្ចរិតមកវិញ គឺដើម្បីការពារធនធានមច្ឆជាតិ និងឲ្យមានការលូតលាស់ឡើងវិញព្រៃលិចទឹក នៅក្នុងបឹងទន្លេសាប សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងបែបនេះនៅក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចំនួន ៨៨នាក់ នៅស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។
ការថ្លែងបែបនេះ របស់អភិបាលខេត្តកំពង់ឆ្នាំង ក៏ដើម្បីពន្យល់ដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីឲ្យពួកគាត់ជួយអប់រំដល់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយល់ដឹង ក្នុងការទប់ស្កាត់ចំពោះការវាយប្រហារពីក្រុមជនអគតិ។
លោកថា «ប្រសិនបើយើងបន្តឲ្យដីព្រៃលិចទឹកតំបន់៣ ជុំវិញបឹងទន្លេសាបចំនួន ៦៤ម៉ឺនហិកតា ដែលរងការកាប់បំផ្លាញពីជនខិលខូចទៀតនោះ យើងនឹងបាត់បង់ត្រីក្នុងបឹងទន្លេសាប និងព្រៃលិចទឹកដែលជាជម្រកត្រីពងកូនទាំងមូល។ តើប្រជាពលរដ្ឋខ្មែរជាង ១៦លាននាក់ នៅក្នុងពេលខាងមុខ នឹងកើនឡើង៣០ ឬ៤០ លាននាក់នោះ តើកូនចៅយើងជំនាន់ក្រោយមានអីហូប»?
«យើងត្រូវគិតថា ការដកដីព្រៃលិចទឹកនេះ បើយើងបានដាំដុះដើមឈើព្រៃលិចទឹកឡើងវិញ សម្រាប់ជាជម្រកត្រីពងកូន និងសម្រាប់ជីវៈចម្រុះនៅជុំវិញបឹងទន្លេសាបនោះមច្ឆជាតិយើង នឹងសម្បូរឡើងវិញ។ ប្រជានេសាទអាចចាប់ ត្រីលក់មួយគីឡូបានប៉ុន្មាន? បើធ្វើស្រែលក់ស្រូវ ១គីឡូបានប៉ុន្មាន? ការធ្វើស្រែនេះ យើងដាក់ជីគីមីពេលភ្លៀងទៅជីគីមីទាំងនោះហូរចូលទៅក្នុងបឹងបួរ និងទន្លេសាប។ តើមច្ឆាជាតិអាចសំបូរបានទេ»? អភិបាលខេត្តកំពង់ឆ្នាំង ដាក់សំណួរបែបនេះ។
ដោយឡែក ចំពោះអនុសាសន៍ថ្មីៗនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទាក់ទងនឹងការបង្ក្រាបបទល្មើសនេសាទវិញនោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបានស្វ័យភ្ញាក់រលឹកប្រគល់នូវអាំងវ៉ាត់ទ័រឆក់ត្រីជាង ៣០០គ្រឿង តាមការអំពាវនាវរបស់អាជ្ញាធរខេត្ត និងសមត្ថកិច្ច។
លោក ស៊ុន សុវណ្ណារិទ្ធ នៅក្នុងពិធីនេះ ក៏បានអំពាវនាវដ ល់ក្រុមប្រឹក្សាឃុំសង្កាត់ ជួយអប់រំណែនាំឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការការពារជំងឺកូវីដ១៩ ដោយអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងជាបន្តឲ្យបានគ្រប់គ្នា ដើម្បីរួមគ្នាបំបាត់ជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋាន។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត និងក្រុមការងារក៏បានចែកអំណោយជូនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ចំនួន ៨៨នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៩គីឡូ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកា ៤ម៉ឺនរៀល៕